(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានក្រើនរំលឹកដូចនេះនៅពេលលោកដឹកនាំកិច្ចប្រជុំស្តីពីសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងបង្ក្រាបបទល្មើសល្បែងស៊ីសងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង

នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីកងកម្លាំងទាំង៣ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងលោកមេឃុំគ្រប់ឃុំផងដែរ។

លោកបានណែនាំដល់មេបញ្ជាការកងកម្លាំងទាំង៣ និងលោកមេឃុំគ្រប់ឃុំក្នុងស្រុកស្ទោង ត្រូវរួមគ្នាអនុវត្តកិច្ចការនេះឲ្យមានប្រសិទ្ធភាព ជាពិសេសត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈការបង្ក្រាបល្បែងស៊ីសង បញ្ហាគ្រឿងញៀន ការបង្រ្កាបទប់ទស្កាត់បទល្មើសផ្សេងៗនៅគ្រប់បណ្តាឃុំព្រមទាំងការដោះស្រាយបញ្ហាសំណូមពរនិងទុក្ខកង្វល់របស់ប្រជាពលរឲ្យបានឆាប់រហ័ស។

អធិការដ្ឋាននគរបាលស្រុកស្ទោង និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវធ្វើផែនការសកម្មភាពប្រចាំថ្ងៃ ក្នុងការអនុវត្តបង្ក្រាបល្បែងស៊ីសងនៅមូលដ្ឋានរបស់ខ្លួន ដើម្បីរាយការណ៍ជាប្រចាំជូនប្រធានគណបញ្ជាការឯកភាពរដ្ឋបាលស្រុក។ នេះបើតាមការបញ្ជាក់របស់លលោកអធិការ។

លោកអភិបាលស្រុកស្ទោងបន្ថែមទៀតថា នៅក្នុងអំលុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌអាជ្ញាធរនិងកងកម្លាំង ត្រូវពង្រឹងសន្តិសុខសុវត្ថិភាពទូទៅពិសេនៅគ្រប់ទីវត្តអារ៉ាមពេលដែលបងប្អូនពុទ្ធសានិកអញ្ជើញទៅបោះបាយបិណ្ឌ។

លើសពីនេះលោក សាយ គឹមឡម បានណែនាំដល់មន្ត្រីរាជការគ្រប់រូបពិសេសលោកមេឃុំ លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវធ្វើជាគំរូនិងមានឥរិយាបថល្អដល់ប្រជាពលរដ្ឋត្រូវចៀសវាងនូវកាប្រព្រឹត្តអំពើមិនគប្បីណាមួយដែលនាំឲ្យ ប្រជាពលរដ្ឋមើលបំណាំ។

ជាចុងបញ្ចប់ លោកអភិបាលស្រុកបានណែនាំដល់អធិការដ្ឋាននគរបាលស្រុកស្ទោង និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់ឃុំ ត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀត និងលើកទឹកចិត្តដល់បងប្អូនកងកម្លាំងប្រជាការពារ ក្នុងការបំពេញកិច្ចការនិងរក្សាសន្តិសុខគ្រប់មូលដ្ឋាន។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ពេលចេញដំណើរទៅណាមកណា ដើម្បីការពារអាយុជីវិតរបស់ខ្លួន៕