(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យកាន់បិណ្ឌប្រពៃណីជាតិខ្មែរ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកស្រី ខៀវ ស៊ីណា ជាចាន់តូ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការធនាគារជាតិនៃកម្ពុជា បានអញ្ជើញកាន់បិណ្ឌវេនទី៧ នៅវត្តបុទុមវតី ដោយបានអញ្ជើញរាប់បាត្រ និងវេរចង្ហាន់បិណ្ឌបាត្រ ប្រគេនដល់ព្រះសង្ឃ ជាកិច្ចដារឆ្លងបញ្ចប់នូវពិធីបុណ្យកាន់បិណ្ឌវេនទី៧ ដើម្បីឧទ្ទិសមគ្គផល កុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណ បុព្វការីជន ជីដូន ជីតា ញាតិការទាំង៧សណ្តាន ដែលលោកបានចែកឋានទៅកាន់លោកខាងមុខ សូមឲ្យលោកបានទៅកាន់សុគតិភព និងសូមឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័ន្ធកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុរំដោះជាតិ កសាងការពារមាតុភូមិ ឱ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ដែលជាឧបាយភូមិណាមួយ បានទៅកាន់សុគតិភពថ្មីនោះ។

លោក ជា ចាន់តូ បានលើកឡើងថា ព្រះពុទ្ឋសាសនានៅកម្ពុជា អាចរីកចំរើនទៅបានអាស្រ័យដោយប្រទេសជាតិ មានសុខសន្តិភាពពេញលេញ។ ម្យ៉ាងទៀតសុខសន្តិភាពនេះ ទើបប្រជាពុទ្ធបរិស័ទ មានឱកាសប្រតិបត្តិធម៌ ប្រារព្ធពិធីបុណ្យទានដូចវេលានេះ និងបានប្រកបកិច្ចការរកស៊ីចិញ្ចឹមជីវិត និងអភិវឌ្ឍន៍សង្គមជាតិឲ្យមានការរីកចម្រើន។

លោក ជា ចាន់តូ និងភរិយា បានថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ដែលជាថ្នាក់ដឹកនាំ មន្ត្រីរាជការធនាគារជាតិនៃកម្ពុជា រួមមនឹងពុទ្ធបរិស័ទជិត-ឆ្ងាយ បានចូលរួមប្រារព្ធពិធីកាន់បិណ្ឌវេនទី០៧ និងបានឧទ្ទិសកុសលផលបុណ្យ ដល់បុព្វការីជនមានមាតា បិតា និងញាតិការទាំង៧សណ្ដាន ដែលបានចែកឋានទៅ ព្រមទាំងដួងវិញាណក្ខ័ន្ធយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិកន្លងមក សូមទទួលយកមគផលកាន់បិណ្ឌនេះឱ្យបានគ្រប់ៗគ្នា និងសូមជូនពរជ័យអ្នកដែលចូលថ្ងៃនេះ ឱ្យបានគ្រប់ៗគ្នាផងដែរ ។

សូមជម្រាបថា ពិធីកាន់បិណ្ឌវេនទី០៧ នៅវត្តបុទុមវតីនេះលោក ជា ចាន់តូ និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃធនាគារជាតិនៃកម្ពុជា រួមមនឹងពុទ្ធបរិស័ទ បានប្រគេនទ័យវត្ថុ គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ដែលក្នុងនោះរួមមាន៖ អង្ករ ១០បាវ, មី ១៨កេស, ស្ករស ៥បាវ, ទឹកដោះគោ ៥កេស, ទឹកសុទ្ធ ៥កេស, ទឹកវីស្ល័រ ១០កេស, ទឹកក្រូច ២៥កេស, ទឹកផ្លែឈើ ២៥កេស, ទឹកត្រី ១០យួរ, ទឹកស៊ីអ៊ីវ ១០យួរ, ត្រីខកំប៉ុង ៥កេស, អំបិល ២០គីឡូក្រាម រួមទាំងបច្ច័យដែលទទួលបានពីវេនបិណ្ឌទី៧ សរុបចំនួន ៧១លាន៩២ម៉ឺនរៀល និង ១ពាន់៣៥០ដុល្លារអាមេរិក ដើម្បីជាចំណែក ក្នុងការបន្តកសាងនូវសមិទ្ធផលនានាក្នុងទីវត្តអារាមនេះ។

សូមរំលឹកថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងឡាយក្នុងព្រះពុទ្ធសាសនា ដែលថ្នាក់ដឹកនាំនានា តែងតែដឹកនាំមន្រ្តីរាជការក្រោមឱវាទ ប្រារព្ធធ្វើពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តាមវត្តអារាមនានាជារៀងរាល់ឆ្នាំ។ ស្របពេលជាមួយប្រជាពលរដ្ឋជា ពុទ្ធសាសនិកជនទូទាំងប្រទេសកម្ពុជា ក៏បានចូលរួមរីករាយប្រកបដោយសទ្ធាជ្រះថ្លា ក្នុងការនាំយកនូវទេយ្យទាន និងគ្រឿងឧបភោគ-បរិភោគ ទៅវេរប្រគេនព្រះសង្ឃដែលគង់នៅទីអារាមទូទាំងប្រទេស ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធ ជីដូនជីតា បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ៕