(ភ្នំពេញ)៖ ក្រុមការងារស្ម័គ្រចិត្ត របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានសហការជាមួយ Raksa Koma Foundation ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត Khmer Sight Foundation និង HOPE Cambodia រៀបចំការពិនិត្យ និងព្យាបាលភ្នែក-ត្រចៀក ដោយឥតគិតថ្លៃ ជូនចំពោះប្រជាពលរដ្ឋចំនួនប្រមាណ១២០០នាក់ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។
ការពិនិត្យ និងព្យាបាលភ្នែក-ត្រចៀក ដោយឥតគិតថ្លៃ ជូនចំពោះប្រជាពលរដ្ឋនេះ ធ្វើឡើងក្រោមជំនួយឧបត្ថមរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកស្រី ខៀវ ស៊ីណា ព្រមទាំងការដឹកនាំប្រតិបត្តិដោយផ្ទាល់ពី លោកស្រីបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជាផងដែរ។
ការពិនិត្យ និងព្យាបាលនេះត្រូវបានរៀបចំឡើង ដើម្បីផ្តល់នូវការ៖
១៖ ការពិនិត្យសុខភាពភ្នែកជូនប្រជាពលរដ្ឋមូលដ្ឋាន ដែលមានចក្ខុអន់ខ្សោយ ជាពិសេសចាស់ជរា។
២៖ ពិនិត្យ និងព្យាបាលត្រចៀក ដោយការ ពិនិត្យសុខភាព ក្រដាសត្រចៀក ការសម្អាតផ្អែកខាងក្នុង និងការអប់រំការថែទាំត្រចៀក ជាពិសេសការបំពាក់ឧបករណ៍ជំនួយ ការស្តាប់ជូនអ្នកជំងឺដែលមានបញ្ហាការស្តាប់។
ចំពោះអ្នកជំងឺដែលមានសុខភាពភ្នែកធ្ងន់ធ្ងរដូចជា ភ្នែកឡើងបាយ ឬដុះសាច់ជាដើម ក្រុមការងារស្ម័គ្រចិត្ត នឹងរៀបចំឱ្យមានការវះកាត់ ដោយក្រុមគ្រូពេទ្យនាពេលក្រោយ ព្រោះការវៈកាត់គឺតម្រូវឱ្យមានឧបករណ៍បរិក្ខារគ្រប់គ្រាន់ និងជាងនេះទៅទៀត ក្រុមគ្រូពេទ្យក៏ត្រូវស្វែងយល់ពីអ្នកជំងឺជាមុន ដើម្បីត្រៀមរៀបចំអ្នកឯកទេស ព្រមទាំងគ្រឿងបរិក្ខារវេជ្ជសាស្រ្ត។
កន្លងមកក្រុមការងារស្ម័គ្រចិត្តបានរៀបចំឱ្យមានការសម្រាក់ និងព្យាបាលនៅពេទ្យរុស្សីជូន ចំពោះអ្នកជំងឺដែលតម្រូវ ឱ្យមានការវះកាត់។
លោកស្រី ជា សិរី បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ លោកទេសាភិបាល ជូនដល់ប្រជាពលរដ្ឋ។ ទោះបីជាមានវិបត្តិនៃជំងឺកូវីដ-១៩ ក៏ដោយលោកទេសាភិបាល និងយុវជនស្ម័គ្រចិត្តធនាគារជាតិនៃកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះសុខមាលភាពប្រជាពលរដ្ឋ ដោយបានចូលរួមផ្សព្វផ្សាយអំពីវិធានការ ៣កុំ ៣ការពារ និងការផ្តល់បរិក្ខារការពារ ក៏ដូចជាសហការជាមួយកក្រុមគ្រូពេទ្យត្រចៀកតាមដានអាការៈ និងឧបករណ៍ជំនួយសំលេងផងដែរ។
កម្មវិធីពិនិត្យព្យាបាលនេះ បានប្រព្រឹត្តទៅដោយជោគជ័យ ដោយប្រជាពលរដ្ឋទាំងអស់ដែលអញ្ចើញមក បានទទួលការពិនិត្យព្យាបាល និងមានលទ្ធផលល្អប្រសើរ។
សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលក្រុមការងារស្ម័គ្រចិត្តរបស់ធនាគារជាតិនៃកម្ពុជា និង Raksa Kom Foundation បានសហការជាមួយក្រុមគ្រូពេទ្យ Khmer Sight Foundation និង HOPE Cambodia រៀបចំឱ្យមានការពិនិត្យព្យាបាលទ្រង់ទ្រាយធំបែបនេះនៅក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ៕