(ភ្នំពេញ)៖ បណ្ឌិតស្ថាបត្យករ លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញបំណងចូលរួមស្តារ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ និងចូលរួមសិក្សាប្លង់មេនៅតំបន់អរិយក្សត្រ។
លោក លី រស្មី ទទួលបានការចាប់អារម្មណ៍ និងមានប្រជាប្រិយភាពយ៉ាងខ្លាំង បន្ទាប់ពីរូបលោកបានរំលេចស្នាដៃស្ថាបត្យកម្មលើសំណង់វិមាន៧មករា និងអគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលពោរពេញដោយប្រណិតភាព។ បន្ថែមពីលើលោកក៏ទទួលបានការស្ញប់ស្ញែងលើការងាររៀបចំ និងសាងសង់ផ្លូវក្នុងក្រុងព្រះសីហនុ និងការរៀបហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងក្រុងសៀមរាប រួមមានការកែលំអរស្ទឹង និងប្រែក្លាយប្រឡាយទឹកស្អុយ ទៅជាសួនដ៏ទាក់ភ្នែក។
ពាក់ព័ន្ធការកែលំអរប្រឡាយទឹកស្អុយនេះ លោក លី រស្មី បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អតីតប្រឡាយទឹកស្អុយមួយដែលមានទទឹង ៥ម៉ែត្រ ប្រវែង ៦៣០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦ ចំណុចមុខសណ្ឋាគារសុខា ឆ្ពោះទៅវិថីព្រះសង្ឃរាជ ទេព វង្ស ជិតផ្សាររាត្រី ស្ថិតនៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលប្រជាពលរដ្ឋនៅទីនោះតែងថ្ងូរថាមានក្លិនស្អុយខ្លាំង ប៉ះពាល់ដល់សុខភាព ជីវភាពរស់នៅ និងបរិស្ថានយ៉ាងខ្លាំងនៅតំបន់នេះ ត្រូវបានធ្វើការកែលម្អមកជាផ្លូវសម្រាប់ថ្មើរជើង នឹងក្លាយជាផលិតផលទេសចរណ៍ថ្មីមួយទៀតក្នុងទឹកដីអង្គរ។
លោកបន្ថែមថា ការកែប្រែពីកន្លែងអវិជ្ជមានមានក្លិនស្អុយ ប៉ះពាល់ដល់បរិស្ថាន ទៅជាកន្លែងមានបរិយាកាសល្អ គឺជាការគិតគូរដល់សុខុមាលភាពនគរូបនីយកម្មក្រុង និងការស់នៅរបស់អ្នកក្រុងសៀមរាប មានភាពល្អប្រសើរ ជាពិសេសទាក់ទាញភ្ញៀវទេសចរធ្វើដំណើរកម្សាន្ត ពីផ្លូវជាតិលេខ៦ ឆ្ពោះទៅកាន់ផ្សាររាត្រី និងទីកន្លែងដទៃទៀតក្នុងក្រុងសៀមរាប ជំរុញឲ្យកាន់តែមានភាពចម្រុះសម្បូរណ៍បែបលើគោលដៅទេសចរណ៍ និងធ្វើឱ្យមានសុខដុមនីយកម្មផ្នែកនគរូបនីយកម្មក្រុង សមស្របជាទីកន្លែងពេញនិយមសម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិ។
ជាមួយការចូលរួមសាងសមិទ្ធផលធំៗទាំងនេះជូនជាតិហើយនោះ ស្ថាបត្យករវ័យក្មេងពោរពេញដោយសមត្ថភាពរូបនេះ មានគោលបំណងធំចំនួនពីរទៀត។គោលបណងធំពីរទៀតនោះរួមមាន៖
១៖ ចូលរួមស្តារ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធទីក្រុងភ្នំពេញ ឱ្យស័ក្តិសមនឹងការរីកចម្រើនផ្នែកនគរូបនីយកម្ម ដែលបច្ចុប្បន្នមានអគារល្អៗជាច្រើនកំពុងតែបង្ហាញខ្លួនក្នុងទេសភាពនគរូបនីយកម្មក្រុងឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចជាតិ តែផ្នែកហេដ្ឋារចនាសម្ព័ន្ធក្រុងហាក់មិនទាន់មានភាពរីកចម្រើនសមស្របនៅឡើយ។
២៖ ចូលរួមសិក្សាប្លង់មេតំបន់អរិយក្សត្រ ដែលជាចំណែកមួយដ៏សំខាន់ក្នុងការធ្វើសមាហរណកម្មភ្ជាប់ជាមួយរាជធានីភ្នំពេញនាពេលអនាគត៕