(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញមកទទួលស្វាគមន៍ការមកដល់ របស់គណៈប្រតិភូមូលនិធិ GX នៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំលោក លឿង ជុន យីង អនុប្រធានគណៈកម្មាធិការជាតិនៃក្រុមប្រឹក្សានយោបាយប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានមូនិធិ GX នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ។
ក្នុងដំណើរទស្សនកិច្ចការងាររយៈពេល៣ថ្ងៃនេះ ចាប់ថ្ងៃទី១៧-២០ ខែកញ្ញា ឆ្នាំ២០២២នៅកម្ពុជារបស់គណៈប្រតិភូ ដើម្បីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា លើគម្រោងស្តីពីការលុបបំបាត់ភាពពិការភ្នែក ដោយជំងឺភ្នែកឡើងបាយនៅខេត្ដព្រៃវែង ដែលប្រព្រឹត្ដទៅនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ នៅអគារវឌ្ឍនៈ។
តាមការបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ បានឱ្យដឹងថា គម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ ក្នុងខេត្តព្រៃវែងនេះ បានធ្វើឡើងម្ដងរួចទៅហើយកាលពីខែតុលា ឆ្នាំ២០១៩ រវាងក្រសួងសុខាភិបាល ជាមួយមូលនិធិ GX ប៉ុន្តែដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក គម្រោងនេះត្រូវបានពន្យារពេលអនុវត្ត។
លោកស្រីរដ្ឋលេខាធិការបានបន្ដថា «គម្រោងនេះគឺផ្តោតសំខាន់លើបីចំណុចធំៗ គឺការផ្ដល់រថយន្តចល័តសម្រាប់ធ្វើការវះកាត់ភ្នែកឡើងបាយ ដោយរថយន្ដនេះមានបំពាក់សម្ភារៈបរិក្ខារវះកាត់រួចជាស្រេច ចំនួន ២គ្រឿងដល់ខេត្ដព្រៃវែង, បញ្ជូនគ្រូពេទ្យខ្មែរយើង ទៅបណ្ដុះបណ្ដាលបន្ថែមនៅប្រទេសចិន និងក្រោយបណ្ដុះបណ្ដាលគ្រូពេទ្យយើងហើយ ក្រុមគ្រូពេទ្យចិន នឹងមកប្រទេសយើង ដើម្បីជួយផ្ដល់សេវា វះកាត់ភ្នែកឡើងបាយ ឬបញ្ហាភ្នែក នៅខេត្ដព្រៃវែងដោយឥតគិតថ្លៃផងដែរ»។
លោកស្រីបន្ដថា គម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ ជាគម្រោងទី២ហើយ ដោយគម្រោងទី១ គឺអនុវត្ដនៅខេត្ដកំពង់ចាម ដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយមជ្ឈមណ្ឌលខ្សែក្រវ៉ាត់ និងផ្លូវនៃទីក្រុង ហុង កុង និងមូលនិធិអាស៊ីសម្រាប់បង្ការភាពពិការភ្នែក លើគម្រោងស្តីពីការលុបបំបាត់ភាពពិការភ្នែក ដោយជំងឺភ្នែកឡើងបាយ នៅខេត្តកំពង់ចាម ដែលបានបញ្ចប់ដោយជោគជ័យនាឆ្នាំ២០១៩ អ្នកជំងឺភ្នែកឡើងបាយជាង ៦,០០០នាក់ ត្រូវបានវះកាត់ដោយជោគជ័យ ហើយពួកគាត់អាចបន្តជីវិតរស់នៅដោយភាពសប្បាយរីករាយ។
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ បានថ្លែងទៀតថា គម្រោងនេះបានចូលរួមចំណែកបង្កើនសមត្ថភាពមន្រ្តីសុខាភិបាលផ្នែកចក្ខុរោគ និងបង្កើនការយល់ដឹងពីសារៈសំខាន់នៃការថែទាំសុខភាពភ្នែក និងការវះកាត់ភ្នែកឡើងបាយ។
លើសពីនោះ កន្លងមកមូលនិធិ GX នៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អំណោយជាឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ជូនរាជរដ្ឋាភិបាលកម្ពុជាផងដែរឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត រួមមាន៖ ម៉ាស៊ីនអុកស៊ីហ្សែន ចំនួន៣០០គ្រឿង, ម៉ាស់វះកាត់ ចំនួន ១.០០០.០០០ម៉ាស់, អាវបំពង់ ចំនួន ៣០.០០០អាវ, ស្រោមដៃ ចំនួន ១៦០.០០០គូ, វ៉ែនតាសុវត្ថិភាព ចំនួន ១០.០០០ និងរបាំងមុខ ចំនួន ១០.០០០៕