(សៀមរាប)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត បានអញ្ជើញចូលរួមកិច្ចពិភាក្សារវាងក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ជាមួយនឹងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូកបី ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២។
កិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ បានធ្វេីឡេីងក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងមានការចូលរួមពីរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំង១០ប្រទេស បូកបីប្រទេស(ចិន ជប៉ុន និងកូរ៉េ) ព្រមទាំងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃប្រទេសសមាជិកអាស៊ានបូកបី តំណាងពីសមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត និងតំណាងពីស្ថាប័នពាក់ព័ន្ធ ផងដែរ៕