(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិខ្មែរ២នាក់ និងរឹបអូសគ្រឿងញៀនជិត ៨ គីឡូក្រាម។

ការចុះបង្ក្រាបនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។

ប្រតិបត្ដិការនេះ ធ្វើឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០០៖២០នាទី កម្លាំងជំនាញ (ក៣) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ប្រុញ សាន, លោកឧត្តមសេនីយ៍ទោ ភឹម ច័ន្ទតារ៉ា នាយករងមន្ទីរ មានការចូលរូមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្រលសម្រួលដោយលោក ទី មុនិន្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានធ្វើការបង្រ្កាប នៅ០៣ដោលដៅផ្សេងគ្នា៖

គោលដៅទី១៖ នៅចំណុច ផ្លូវ២៨៨ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបាន១នាក់ ឈ្មោះ ទូច កុងហ៊ាង និងគ្រឿងញៀនប្រមាណជាង៥គីឡូ។
គោលដៅទី២៖ នៅចំណុច ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងថ្នាំញៀនប្រមាណជាង១គីឡូ។
គោលដៅទី៣៖ ឆែកឆេរ បន្ទប់របស់ឈ្មោះ ទូច កុកហ៊ាង លេខ២១០៣ ជាន់ទី២១ សណ្ឋាគារ អអេន ហ្វេស ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានសម្ភារៈកែច្នៃ និងថ្នាំញៀនមួយចំនួន។

លទ្ធផលសរុប៖ ឃាត់បានជនសង្ស័យ០២នាក់, ឈ្មោះ ទូច កុកហ៊ាង ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ហុង ស្រេង ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិ ខ្មែរ។ សរុបវត្ថុតាងចាប់យកបាន៖ កេតាមីន(KETAMIN)ទម្ងន់សុទ្ធ២៩៦ក្រាម, អ៊ិចស្តាស៊ី (MDMA)ទម្ងន់សុទ្ធ៧គីឡូនិង៥១២.៦៩ក្រាម។ សរុបសារធាតុញៀន ៧គីឡួ៨០៨.៦៩ក្រាម។ សារធាតុគីមី ៣គីឡូ ៣៦៥.២ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបាន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី ៕