(តាកែវ)៖ លោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំជ័យជោគ បានលើកទឹកចិត្ត និងជំរុញដល់ប្អូនៗសិស្សានុសិស្ស ត្រួវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សពោរពេញដោយចំណេះដឹងសម្រាប់ជួយកសាងគ្រួសារ ប្រទេសជាតិអោយមាន ការអភិវឌ្ឍ និងរីកចម្រើនតទៅមុខទៀត។
ថ្លែងក្នុងឱកាសអញ្ជើញជួបសំណះសំណាលជាមួយប្អូនៗសិស្សានុសិស្សនៅអនុវិទ្យាល័យតារាគមន៍ ស្ថិតនៅឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ម៉ឹង វុធី បានបន្តថា បច្ចុប្បន្ននេះប្រទេសយើងបានឈានដល់បដិវឌ្ឍន៍ឧស្សាហកម្ម ៤.០ហើយ ដែលទាមទារឲ្យយើងម្នាក់ៗត្រូវមានចំណេះដឹង និងបច្ចេកវិទ្យា សម្រាប់អនុវត្តន៍ការងារ និងការប្រកួតប្រជែង ដូច្នេះដើម្បីដើរឲ្យទាន់សម័យកាលបច្ចុប្បន្ន ក្នុងនាមប្អូនៗជាថ្នាលធនធានមនុស្សជំនាន់ក្រោយ ត្រូវខិតខំរៀន ឧស្សាព្យាយាម ស្ដាប់ដំបូន្មានឪពុកម្ដាយ លោកគ្រូ អ្នកគ្រូដែលជាអ្នកជាអ្នកផ្ដល់ចំណេះដឹងអោយយើង និងដើម្បីក្លាយជាកូនល្អ សិស្សល្អ និងមិត្តល្អ និងមិនត្រូវចំណាយពេលឥតប្រយោជន៍ទៅលើរឿងអ្វីមួយឡើយ ពោលត្រូវខិតខំ រៀនសូត្រ ទើបអនាគតយើងបានល្អប្រសើរទៅថ្ងៃមុខ។
លោកអភិបាលរងខេត្តបានបន្តទៀតថា ការខិតខំប្រឹងប្រែងរៀនសូត្រមានសារៈសំខាន់ណាស់សម្រាប់ខ្លួនឯង ក៏ដូចជាគ្រួសារ និងសង្គមជាតិ ព្រោះកាលណាបើយើងគ្មានចំណេះដឹង គ្មានភាពក្លាហាន គ្មានការតស៊ូនោះជីវិតរបស់យើង ប្រៀបបានដូចជាមនុស្សតែលតោល គ្មានគោលដៅច្បាស់លាស់និងជួបតែបញ្ហារាប់មិនអស់ ដូច្នេះមានតែការខិតខំប្រឹងប្រែងរៀនសូត្រនេះទេ ទើបអាចធ្វើអោយអនាគតយើងល្អប្រសើរ និងធ្វើឲ្យប្រទេសជាតិរបស់យើង សម្បូរដោយធនធានមនុស្ស មានចំណេះដឹងនឹងជាគ្រឹះដ៏រឹងមាំដែលអាចអោយសង្គមជាតិមានការរីកចម្រើននិងមានការអភិវឌ្ឍន៍បានគ្រប់វិស័យនានាផងដែរ។
ក្នុងឱកាសនោះលោក ម៉ឹង វុធី ក៏បានណែនាំដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្សត្រូវជំរុញដល់កូនៗរបស់ខ្លួនឲ្យមករៀនសូត្រអោយបានទៀងទាត់ ដើម្បីអោយពួកគាត់មានភាពក្លាហាន និងទទួលបានចំណេះដឹងពេញលេញ ពីលោកគ្រូ អ្នកគ្រូ និងបង្កើនការអានជាទម្លាប់ រឺបំនិននៃការអានតាមរយៈការបង្កើតជាបណ្ណាល័យ ដើម្បីឲ្យប្អូនៗសិស្សានុសិស្សអាចរៀនសូត្របានដោយខ្លួនឯងតែម្ដង៕