(ព្រះសីហនុ)៖ នាឱកាសពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌខាងមុខ លោកវរសេនីយ៍ទោ គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ សហការជាមួយ មន្ទីរសាធារណការខេត្ត បានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវគ្រប់ប្រភេទ ជាពិសេសអ្នកដែលប្រកបរបររត់តាក់ស៊ី និងក្រុមហ៊ុនដឹកអ្នកដំណើរនានាក្នុងខេត្តព្រះសីហនុ ដោយការផ្សព្វផ្សាយខាងលើ មានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ គីម សុង បានប្រាប់សារព័ត៌មាន Fresh News ឲ្យដឹងថា ការចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋក្នុងគោលបំណងយល់កាន់តែច្បាស់ ពីការប្រើប្រាស់ផ្លូវគ្រប់ប្រភេទ ជាពិសេសបងប្អូនអ្នកប្រកបរបររត់តាក់ស៊ី និងក្រុមហ៊ុនដឹកអ្នកដំណើរ ត្រូវមានការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរប្រកបដោយការទទួលខុសត្រូវ និងរក្សាសុខសុវត្ថិភាព នាឱកាសពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌខាងមុខ។

ការផ្សព្វផ្សាយនេះធ្វើនៅបេនឡានមហោស្រពចាស់ ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ និងបានប្រគល់សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ខិតប័ណ្ណផ្សព្វផ្សាយស្តីពីសុវត្តិភាពចរាចរណ៍ផ្លូវគោក សៀវភៅកំណត់ល្បឿន និងបានណែនាំទៅដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវទាំងអស់។

ជាចុងក្រោយ លោកវរសេនីយ៍ទោ ក៏សូមឲ្យបងប្អូនគោរពច្បាប់ចរាចរណ៍ផ្លវគោកទាំងអស់គ្នា ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុដោយប្រការណាមួយ៕