(ភ្នំពេញ)៖ នៅថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២ លោក ម៉េង ស្រ៊ុន អនុប្រធានសមាគមយុវជនក្រុម៨ និងជាប្រធានសមាគមយុវជនក្រុម៨ សាខារាជធានីភ្នំពេញ តំណាងលោកបណ្ឌិត ម៉ឺង មករា ប្រធានសមាគមយុវជនក្រុម៨ និងសហការី បាននាំយកសម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រគល់ជូនមន្ទីពេទ្យគន្ធបុប្ផា និងក្រុមគ្រួសារទារក និងកុមារចំនួន១០១គ្រួសារ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យគន្ធបុប្ផា។
ក្នុងនោះ អំណោយដែលប្រគល់ជូនក្រុមគ្រួសារអ្នកជំងឺនីមួយៗ រួមមាន៖ កាបូប១ ភួយ១ មុង១ កន្ទេល១ ក្រម៉ា១ ទឹកដោះគោឆៅ១ឡូ និងថវិកា ៥ម៉ឺនរៀល។ អំណោយប្រគល់ជូនមន្ទីពេទ្យគន្ធបុប្ផាមាន៖ ទឹកសុទ្ធ៨០កេស ខោទឹកនោម១៨កេស ជេល៤កេស និងថវិកាចំនួន ១១.៨៨៨.៨០០រៀល។
លោក ម៉េង ស្រ៊ុន បានលើកឡើងថា អំណោយដែលផ្តល់ជូនមន្ទីរពេទ្យ និងក្រុមគ្រួសារទារកកុមារដែលកំពុងសម្រាកព្យាបាលនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ និងចូលរួមចំណែករបស់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំពារសុខមាលភាពប្រជាពលរដ្ឋ ជាពិសេសកុមារតូចៗ ដើម្បីទទួលបាននូវការរស់រានមានជីវិត រស់នៅប្រកបដោយសុខភាពល្អ កាយសម្បទារឹងមាំ និងអាចមានលទ្ធភាពចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ នាពេលខាងមុខ៕