(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អញ្ជើញសាកសួរសុខទុក្ខកម្លាំងកងទ័ព ការពារព្រុំដែនប្រចាំការខេត្តមណ្ឌលគីរី នៅតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគីរី ចំនួន៤អង្គភាពដែលប្រចាំការនៅទីនោះ។

លោក វ៉ី សំណាង បានផ្តាំផ្ញើពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអគ្គបញ្ជាការជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ដល់កងកម្លាំងដែលឈរជើងនៅខេត្តមណ្ឌលគីរីទាំងអស់ ដែលជានិច្ចជាកាលសម្តេច តែងបានបញ្ជូននៅបរិក្ខារសម្ភារសម្រាប់កងទ័ពតាមបន្ទាត់ព្រំដែន មានអាវភ្លៀង ភួយមុង អាវរងារ ព្រមទងថ្នាំងពេទ្យ។ល។ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេរជាប្រចាំមិនខានឡើយ។

ថ្ងៃនេះដែរ ដោយបានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន, ប្រតិភូនៃរដ្ឋបាលខេត្តកំពង់ស្ពឺ បាននាំអំណោយរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏ដូចជាអំណោយសប្បុរសធម៌ របស់សប្បុរសជន តាមរយៈរដ្ឋបាលខេត្តកំពង់ស្ពឺទៅប្រគល់ជូនកងទ័ពដែលប្រចាំការនៅខេត្តរតនគិរី ចំនួន៤អង្គភាព ដែលកម្មវិធីនេះបានធ្វើឡើងនៅ តំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរីដោយផ្ទាល់។

លោកអភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា សម្ភារទាំងអស់ដែលបានមកពីសប្បុរសជន និងរបស់រដ្ឋបាលខេត្ត ជាក់ស្តែងត្រូវបានធ្វើការបែងចែកទៅជូនកងទ័ពនៅតាមជួរបន្ទាត់ព្រំដែនជាច្រើនទៅតាមជាក់ស្តែង។

ជាក់ស្តែងថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចែកជូនសម្ភារក្នុងការចុះសួរសុខទុក្ខកងទ័ពតាមព្រំដែននៅខេត្តមណ្ឌលគិរី នៅវីរព្រំដែនលេខ២រួមមាន៖ អង្ករ ៨តោន, ត្រីខ៤០កេស(៤០០យួរ), មី២៤៧កេសតូច, ទឹកស៊ីអ៊ីវ, ទឹកត្រី ៨០យួរ, អំបិល១០០គីឡូ, ស្ករស១០០គីឡូ, ប៊ីចេង១០០គីឡូ, បន្លែចម្រុះគ្រប់មុខ១.១០០គីឡូ, សាច់ជ្រូក៧០គីឡូក្រាម។

ចំណែកថវិកាឧបត្ថម្ភជូនវរសេនាតូចព្រំដែនលេខ១ ចំនួន១០៨នាក់, វរសេនាតូចលេខ២ អន្តរាគមន៍ចំនួន១២៧នាក់, នគរបាលការពារព្រំដែនវរៈ៣០៣ចំនួន១២៣នាក់, នគរបាលអន្តរាគមន៍ វរ៦២១ ចំនួន ១៣១នាក់ ដែលក្នុងម្នាក់ៗទទួលថវិកា ៤០.០០០រៀល៕