(ក្រចេះ)៖ ស្ត្រីវ័យ៣៩ឆ្នាំម្នាក់ ដែលកំពុងមានជម្ងឺប្រចាំកាយ អស់រយះពេលជាច្រើនឆ្នាំ ដែលកំពុងមានកូនប្រុសស្រី ក្នុងបន្ទុកគ្រួសារចំនួន២នាក់ ខណៈប្ដីមានមុខរបរជាកម្មករលីសែងរស់នៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កំពុងដង្ហោយស្វែករកការជួយឧបត្ថម្ភពីអាជ្ញាធរ និងសប្បុរសជននានា។ ស្ត្រីរូបនេះឈ្មោះ លឹម ឆែម បានរៀបរាប់ប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា គាត់ចាប់ផ្តើមធ្លាក់ខ្លួនឈឺ អស់រយៈពេល២ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០១៤មកម្ល៉េះ ដោយសារគ្រួសាររបស់គាត់ មានជីវភាពក្រីខ្លាំងពេក ពោលបានព្រឹក ខ្វះល្ងាច បានល្ងាច ខ្វះព្រឹក គ្មានលទ្ធភាព និងគ្មានថវិកាគ្រប់គ្រាន់ក្នុងការព្យាបាលជម្ងឺពោះវៀនដុះខ្នែងនោះទេ ដោយទុករហូតបណ្ដាលឲ្យមានអាក្ការៈជម្ងឺកាន់តែធ្ងន់ ទើបយកទៅព្យាបាលនៅមន្ទីរពេទ្យ។
ពេលនោះក្រុមគ្រូពេទ្យបានប្រាប់ថា ពោះវៀនធំរលាក់រហូតដល់រលួយហើយ មិនអាចព្យាបាលបានទេ ទើបពេទ្យសម្រេចចិត្តកាត់ពោះវៀនចោលតែម្តង។ ដោយសព្វថ្ងៃនេះ គាត់មិនអាចកំរើក ឬដើរទៅណាមកណាបានដូចមនុស្សធម្មតាបានឡើយ គឺបត់ជើងតូចធំ ចេញតាមពោះវៀនតែប៉ុណ្ណោះ។ លោក ប៉ែន លេន ត្រូវជាប្ដីរបស់គាត់ មានមុខរបរមិនពិតប្រាកដ ពេលខ្លះក៏ទៅធ្វើជាកម្មករស៊ីឈ្នួលលីសែងឲ្យគេ ពេលខ្លះទៀតក៏ឆ្លៀតទៅធ្វើនេះធ្វើនោះ ដើម្បីប្ដូរយកប្រាក់កម្រៃបន្តិចបន្តួច យកមកសម្រាប់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ និងព្យាបាលជំងឺប្រពន្ធប្រចាំថ្ងៃ ព្រមទាំងដើរតួនាទីជាម្ដាយមើលថែទាំកូនៗ តូចទាំង២នាក់ទៀតផង។ សូមរំលឹកថា ផ្ទះគាត់ និងផ្ទះរបស់ប្រជាពលរដ្ឋចំនួន៥ខ្នងផ្ទះ រួមទាំងទ្រព្យសម្បត្តិផ្សេងទៀត ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ ត្រូវនឹងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្រោយពេលជួបរឿងដ៏អកុសលនេះ ប្រជាពលរដ្ឋទាំង៦គ្រួសារ ក៏ទទួលបានអំណោយសប្បុរសធម៌ ពីសំណាក់អាជ្ញាធរខេត្ត សាខាកាកបាទក្រហមមខេត្ត និងសប្បុរសជនជិតឆ្ងាយជាបន្តបន្ទាប់ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ដោយសារតែគ្រួសារបងគាត់មានជីវភាពខ្វះខាតខ្លាំងពេក និងមានជំងឺប្រចាំកាយផងនោះ មានអង្គការមួយចំនួន ក៏បានជួយឧបត្ថម្ភជាគ្រឿងធ្វើផ្ទះដល់ពួកគាត់ ដើម្បីសាងសង់ផ្ទះថ្មីឡើងវិញ។ ខណៈដែលក្រុមគ្រួសារគាត់ និងប្រជាពលរដ្ឋចំនួន២គ្រួសារផ្សេងទៀត បម្រុងនឹងរៀបចំសង់ផ្ទះថ្មីនៅលើទីតាំងចាស់ ក៏ស្រាប់តែត្រូវបានធ្វើការហាមឃាត់ និងរារាំងពីសំណាក់អាជ្ញាធរមូលដ្ឋាន និងនគរបាលរដ្ឋបាលប៉ុស្ដិ៍ឃុំសំបុក ដោយយកដីកាសម្រេចការពាររបស់លោក ញ៉ិល ប៊ុនលី ចៅក្រមសាលាដំបូងខេត្តក្រចេះ ចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ មិនអនុញ្ញាតឲ្យឈ្មោះ លឹម ឆែម អាយុ៣៩ឆ្នាំ មានជំងឺប្រចាំកាយ និងប្តីឈ្មោះ ប៉ែន លេន សាងសង់ផ្ទះលើដីដែលមានទំហំ១៣២.២២ម៉ែត្រ x ១៣៨.៩០ម៉ែត្រ ឬស្មើនឹង១៥២៤៩.៥២ម៉ែត្រការេ ស្ថិតនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះជាបណ្ដោះអាសន្ន។
ពាក់ព័ន្ធជុំវិញដីការរបស់សាលាដំបូងខេត្តក្រចេះ លោក ប៉ែន លេន ត្រូវជាប្ដីបានបញ្ជាក់ប្រាប់ឲ្យថា រូបលោក និងប្រពន្ធ មិនធ្លាប់ខ្ចីឬជំពាក់បំណុលស្ដ្រីឈ្មោះ អ៊ូ ស្រ៊ាង ឡើយ ចុះហេតុអ្វីតុលាការខេត្ត ចេញដីការមកបែរជាចោទរូបលោក និងប្រពន្ធជាកូនបំណុលទៅវិញ ហើយជាងនេះទៀតសោធ ដីដែលលោកសង់ទីលំនៅដ្ឋានសព្វថ្ងៃនេះ គឺដីចំណីផ្លូវ ជាដីរបស់រដ្ឋ ហេតុអ្វីបែរជាមានការជាប់ពាក់ព័ន្ធជាមួយឯកជនទៅវិញ? លោកបានបញ្ជាក់បន្តថា កាលពីឆ្នាំ២០១០ លោកក្នុងចំណោមប្រជាពលរដ្ឋចំនួន១០គ្រួសារ នៅភូមិ/ឃុំសំបុក បានស្នើសុំលោក ខាំ ភឿន អតីតអភិបាលខេត្តក្រចេះ ដើម្បីសង់លំនៅដ្ឋាន ហើយលោកក៏បានយល់ព្រម និងឯកភាពតាមការស្នើសុំរបស់ប្រជាពលរដ្ឋទាំង១០គ្រួសារ ដោយឲ្យរស់នៅជាបណ្ដោះអាសន្ន ប៉ុន្តែបើខេត្តត្រូវការរៀបចំពង្រីកផ្លូវ ទៅតាមគោលការណ៍អភិវឌ្ឍន៍របស់ខេត្ត សុំឲ្យបងប្អូនប្រជាពលរដ្ឋរុះរើសលំនៅដ្ឋានជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ដោយគ្មានការតវ៉ាអ្វីទាំងអស់ ហើយក្រុមការងារក៏បានចុះវាស់វែង និងបោះបង្គោលទុកដីចំណីផ្លូវ ប្រវេង ៣០ម៉ែត្រ ពីអ័ក្សផ្លូវចាស់៕