(សៀមរាប)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានចូលរួម និងថ្លែងសុន្ទរកថានៅក្នុងកម្មវិធីអាហារពេលព្រឹកធុរកិច្ចជាមួយ ឯកឧត្តម ទីម អាយរេស ( Tim Ayres ) ឧបការីរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧបការីរដ្ឋមន្ត្រីកម្មន្តសាលនៃប្រទេសអូស្ត្រាលី នៅថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ កម្មវិធីនេះមានការអញ្ជើញចូលរួមផងដែរ ពីឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា អគ្គស្នងការពាណិជ្ជកម្មអូស្ត្រាលីប្រចាំនៅកម្ពុជា ប្រធានសភាពាណិជ្ជកម្មអូស្ត្រាលីនៅកម្ពុជា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ធុរជនកម្ពុជានិងអូស្ត្រាលី។ គោលបំណងនៃកម្មវិធីអាហារពេលព្រឹកធុរកិច្ចនេះ គឺដើម្បីជួបពិភាក្សាជាមួយសហគមន៍ធុរកិច្ច អំពីកាលានុវត្តភាព ការប្រឈម និង ពិនិត្យលទ្ធភាពក្នុងការជួយគាំទ្រដល់ក្រុមហ៊ុនអូស្ត្រាលីនៅទីផ្សារកម្ពុជា។
កិច្ចពិភាក្សាបានបញ្ចប់ដោយទទួលបានលទ្ធផលជាផ្លែផ្កា និងបានឯកភាពជាគោលការណ៍ ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ។