(សៀមរាប)៖ សមាជិកសមាជិកាសមាគមសហគ្រិនវ័យក្មេងសាខាខេត្តសៀមរាប និងប្អូនៗនិស្សិតប្រមាណ៣០០នាក់ បានចូលរួមផ្ដល់ឈាមលើកទី៥ ដល់មន្ទីពេទ្យបង្អែកខេត្តសៀមរាប ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋដែលត្រូវការឈាម។
ក្នុងឱកាសរៀបចំពិធីផ្ដល់ឈាម ដល់មន្ទីពេទ្យបង្អែកខេត្តសៀមរាប នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ លោក ថោង ប៊ុនថារី ប្រធានសមាគមសហគ្រិនវ័យក្មេងសាខាខេត្តសៀមរាប បានលើកឡើងថា នេះជាកម្មវិធីទី៥ដែលសមាគមសហគ្រិនវ័យក្មេងសាខាខេត្តសៀមរាប រៀបចំពិធីផ្ដល់ឈាម ដល់មន្ទីពេទ្យបង្អែកខេត្តសៀមរាប។ កាលពីឆ្នាំកន្លងទៅយើងទទួលបានការផ្តល់ឈាម ១០៥៧ប្លោកឈាម ជូនដល់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋដែលត្រូវការឈាម នេះបង្ហាញពីការគាំទ្រ និងការស្រឡាញ់ចូលរួមបរិច្ចាគដល់អ្នកដែលមានតម្រូវការ។ ម្យ៉ាងទៀតលោក ក៏បានស្នើរដល់សមាជិកសមាជិកាសហគ្រិនវ័យក្មេង ក៏ដូចជាបងប្អូននិស្សិត ដែលចូលរួមក្នុងកម្មវិធីថ្ងៃនេះ សូមចូលរួមផ្តល់ឈាមឱ្យបានគ្រប់ៗគ្នា។
ជាមួយគ្នានេះ លោក ថោង ប៊ុនថារី ក៏បានអរគុណដល់ក្រុមហ៊ុន ស្ថាប័នដៃគូមួយចំនួន ដែលបានឧបត្ថម្ភ និងសហការក្នុងកម្មវិធីផ្តល់ឈាមនៅពេលនេះ។
ទន្ទឹមនឹងនេះដែរ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានលើកឡើងថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាបមានសំណាងដែលសហគ្រិនវ័យក្មេងសាខាខេត្តសៀមរាប ផ្ដួចផ្ដើមរៀបចំពិធីផ្តល់ឈាមដល់មន្ទីរពេទ្យ ហើយនេះជាលើកទី៥ហើយ ដែលសហគ្រិនវ័យក្មេង រៀបចំកម្មវិធីនេះឡើង។ លោកប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានបន្តថា ការផ្តល់ឈាម គឺជាការសង្គ្រោះអាយុជីវិតមនុស្ស ហើយនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងមួយថ្ងៃមានតម្រូវការឈាម២០កំប្លោក ដើម្បីផ្តល់ឱ្យអ្នកជំងឺ។ លោក ក្រុស សារ៉ាត់ ក៏បានថ្លែងអំណរគុណដល់សហគ្រិនវ័យក្មេង ដែលបានរៀបចំកម្មវិធីផ្តល់ឈាមដល់មន្ទីរពេទ្យ ហើយនេះជាការសម្រាលការលំបាកមួយផ្នែកដល់មន្ទីរពេទ្យផងដែរ។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា នេះជាកម្មវិធីមួយដ៏ល្អសម្រាប់ពលរដ្ឋគ្រប់រូប ដែលមានចិត្តជួយគ្នាក្នុងគ្រាមានអាសន្ន និងបានថ្លែងអំណរគុណដល់សហគ្រិនវ័យក្មេងសាខាខេត្តសៀមរាប ដែលបានរៀបចំកម្មវិធីនេះឡើង ហើយលោកក៏សង្ឃឹមថា អ្នកដែលបានចូលរួមក្នុងកម្មវិធីនេះនឹងផ្តល់ឈាមឱ្យបានគ្រប់ៗគ្នាផងដែរ។
គួរបញ្ជាក់ថា កម្មវិធីផ្តល់ឈាមនៅពេលនេះធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៧ និង១៨ ខែ កញ្ញា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕