(កណ្តាល)៖ ក្រុមជំនួយការលោក ហ៊ុន ម៉ាណែត និងអភិបាលរងស្រុកកណ្តាលស្ទឹង លោក តេង រិទ្ធី នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦នេះ បាននាំយកសម្ភារសិក្សាជាច្រើន ទៅចែកជូនសិស្សនៃសាលាបឋមសិក្សាក្រាំងគន្ធរ ស្ថិតនៅ ភូមិក្រាំងរលួស ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ សម្ភារសិក្សាមានទាំងអស់ចំនួន៣២១ឈុត ត្រូវបានក្រុមជំនួយការ និងអភិបាលរងស្រុកកណ្តាលស្ទឹង ចែកជូនសិស្សានុសិស្សក្រីក្រ ចំនួន៣២១នាក់ ដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយ លុយកាក់របស់អាណាព្យបាលរបស់ពួកគេ បានមួយកម្រិតថែមទៀត។
ជាមួយគ្នានេះ លោក ខៀវ សុខា ដែលបានចូលរួមក៏បាន ឧបត្ថម្ភថវិកាចំនួន១៥៥០០០០រៀល សំរាប់ឧបត្ថម្ភលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងកម្មវិធីផ្សេងៗ ហើយលោកអេង សុភាព ក្រុមយុវជន(ខ៤) បានជួយឧបត្ថម្ភបង្គន់មួយផងដែរ។
នៅក្នុងឱកាសនោះ លោក អ៊ុំ រស្មី ជំនួយការលោក ហ៊ុន ម៉ាណែត បានណែនាំ និងប្រាប់ឲ្យក្មួយៗទាំងអស់ត្រូវខិតខំរៀនសូត្រ ក្លាយជាសិស្សពូកែ ហើយត្រូវចៀសឲ្យឆ្ងាយដាច់ខាតពីគ្រឿងញៀន និងសកម្មភាពអ្វីដែលសង្គមមិនទទួលស្គាល់។