(ភ្នំពេញ)៖ គ្រូបង្វឹកក្លឹបអាជីពបឹងកេតអង្គរ លោក ប្រាក់ សុវណ្ណារ៉ា បានផ្ញើសារមួយនៅលើទំព័រ Facebook ជូនចំពោះក្រុមអ្នកគាំទ្រ បាល់ទាត់កម្ពុជា ដែលនិយាយពីច្បាប់ខ្លះៗរបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA ជុំវិញការ ប្រកាន់ពូជសាសន៍និន្នាការ នយោបាយ និងពណ៌សម្បុរ ដើម្បីជៀសការដាក់ទណ្ឌកម្មពី FIFA។
អតីតគ្រូបង្វឹកដែលបានដឹកនាំក្រុម Cambodia All Stars ឈ្នះក្រុមខ្លាំងមកពីថៃ២ប្រកួត កាលពីដើមឆ្នាំ២០១៦មករូប នេះបានសរសេរ ថា «ច្បាប់របស់ FIFA មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងមិនពាក់ព័ន្ធនឹងនិន្នាការនយោបាយទេ បើសិនយើងប្រព្រឹត្តនិងបង្កប្រាស ចាកពីទង្វើនេះ FIFA នឹងចាត់វិធានការពិន័យមិនអនុញ្ញាតឲ្យចូលរួមការប្រកួត អន្តរជាតិផ្សេងៗ សូម្បីតែប្រកួតមិត្តភាពផងដែរ»។
លោក សុវណ្ណារ៉ា បានសរសេរបន្ថែមថា FIFA ធ្លាប់បានដាក់ពិន័យ ចំពោះប្រទេសចំនួន ៣រួចហើយ នៅតំបន់អាស៊ានដោយផ្អាក ការប្រកួតរយៈពេល ២ឆ្នាំ។ សូមរួមគ្នា ដើម្បីវប្បធម៌ដ៏រុងរឿងរបស់ប្រទេសកម្ពុជា ក្នុងការឲ្យពិភពលោក បានឃើញ!
ទាក់ទងនឹងបញ្ហានេះដែរ កាលពីរសៀលម្សិលមិញ មន្រ្តីជាន់ខ្ពស់នៃអង្គភាពគ្រប់គ្រងកីឡាកម្ពុជា NOCC ក៏បានធ្វើការអំពាវនាវទៅ ដល់អ្នកគាំទ្រ សូមរក្សាភាពថ្លៃថ្នូរ មិត្តភាព សាមគ្គីភាព ឲ្យសមជាម្ចាស់ផ្ទះ និងប្រពៃណីដ៏ទន់ភ្លន់របស់ កម្ពុជាជៀសការបង្កភាព រញ៉េរញ៉ៃ និងហិង្សាផ្សេងៗនៅមុន និងកំពុងប្រកួតថ្ងៃទី០៧ មិថុនា ដើមសប្តាហ៍ក្រោយដែល ជាថ្ងៃកម្ពុជា ត្រូវប៉ះចិនតៃប៉ិ ជើងទី២ ក្នុងទឹកដីវិញម្តង ដែលឈានដល់ FIFA ព្យួរជើងបាល់ទាត់ជាតិយើង៕