(សៀមរាប)៖ រដ្ឋាភិបាលប្រទេសអូស្រ្ដាលី បានផ្តល់ថវិកា ១.៣៥លានដុល្លារអូស្រ្ដាលី សម្រាប់រយៈពេល៣ឆ្នាំបន្ថែមទៀត ក្នុងភាពជាដៃគូរវាងគណៈកម្មការកិច្ចការប្រកួតប្រជែង និងការពារអ្នកប្រើប្រាស់របស់អូស្រ្ដាលី (Australian Competition and General-ACCC) និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំរបស់កម្ពុជា ហៅកាត់ថា កបប។
លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន កបប មានប្រសាសន៍ថា គម្រោងនេះមានបំណងដើម្បីពង្រឹងសមត្ថភាពមន្រ្តីកម្ពុជា ដើម្បីគាំទ្រដល់ការអនុវត្តច្បាប់ការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែងឱ្យមានប្រសិទ្ធភាព។ ក្នុងនោះដើម្បីដោះស្រាយនូវបញ្ហានៃការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលបោកបញ្ឆោត បំភាន់អ្នកប្រើប្រាស់ បំណងក្នុងនាមអ្នកអនុវត្តន៍ច្បាប់ គឺការពារអ្នកប្រើប្រាស់ដែលជាប្រជាពលរដ្ឋ។
ជុំវិញការបង្រ្កាបអ្នកផ្សព្វផ្សាយបំភាន់នេះដែរ លោក ផាន អូន ពន្យល់ថា កន្លងមក កបប ប្រើប្រាស់ឥរិយាបថទន់ភ្លន់ តែម៉ឺងម៉ាត់ ក្នុងបំណងឱ្យអ្នករកស៊ីទាំងអស់ មានស្មារតីរកស៊ីដោយការទទួលខុសត្រូវ សុច្ចរិត និងយុត្តិធម៌សម្រាប់សង្គម ដោយមិនត្រូវប្រើអំពើណាមួយមិនសុច្ចរិតឈានដល់ការបំភាន់ដល់ពលរដ្ឋ ខណៈពួកគាត់មានកម្រិតការយល់ដឹងនៅឡើយ ដោយថែមទាំងចំណាយថវិកាទិញផលិតផលមិនអាចព្យាបាលជំងឺដូចការផ្សព្វផ្សាយទាំងនោះបាន ពិសេសប្រភេទអាហារបំប៉នដែលផ្សាយថា អាចព្យាបាលជំងឺ១០០មុខ។
ពិធីបើកដំណើរការជាផ្លូវការ កម្មវិធីភាពជាដៃគូនៃកិច្ចការពារអ្នកប្រើប្រាស់កម្ពុជា-អូស្រ្ដាលី ធ្វើឡើងនារសៀលថ្ងៃទី១៦ ខែកញ្ញា នាសណ្ឋាគារសូភីត្រាល អង្គរភូគីត្រា រវាងព្រឹទ្ធសមាជិក Tim Ayres ឧបការីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាឧបការីរដ្ឋមន្រ្តីក្រសួងផលិតកម្មរបស់អូស្រ្ដាលី និងលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្ដាលី សកម្មភាពនានានៅក្រោមកម្មវិធីខាងលើនេះ រួមមាន ការបង្កើតជំនាញស៊ើបអង្កេត និងទំនាក់ទំនងជាមួយស្ថាប័នផ្សេងៗខាងក្រៅ ការបង្កើតវិធានការស៊ើបអង្កេត ការផ្តល់ការណែនាំដល់បុគ្គលិក និងការសម្របសម្រួលទំនាក់ទំនងអន្ដរជាតិកាន់តែទំលំទូលាយ។ កម្មវិធីនេះគាំទ្រដល់ការអនុវត្តរបស់កម្ពុជានូវច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ឆ្នាំ២០១៩ និងច្បាប់ស្ដីពីការប្រកួតប្រជែងឆ្នាំ២០២១ ហើយជាផ្នែកមួយនៃកញ្ចប់ជំនួយរួម ដើម្បីជំរុញការស្ដារសេដ្ឋកិច្ចក្នុងតំបន់ ក្រោយវិបត្តិជំងឺកូវីដ១៩។
ព្រឹទ្ធសមាជិក Tim Ayres មានប្រសាសន៍ថា កម្មវិធីភាពជាដៃគូនៃកិច្ចការពារអ្នកប្រើប្រាស់កម្ពុជា-អូស្រ្ដាលី ដែលកំពុងដាក់ឱ្យដំណើរការនៅពេលនេះ ជានិមិត្តសញ្ញាដ៏អស្ចារ្យមួយនៃការតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ បានអបអរសាទរចំពោះការដាក់ឱ្យអនុវត្តន៍គម្រោងថ្មីនៅពេលនេះ និងស្វាគមន៍ចំពោះអ្នកជំនាញអូស្រ្ដាលី ដើម្បីពង្រឹងសមត្ថភាពមន្រ្តីអនុវត្តន៍ច្បាប់កម្ពុជាឱ្យអនុវត្តន៍ការងារកាន់តែមានប្រសិទ្ធភាព៕