(ភ្នំពេញ)៖ កុមារីម្នាក់ស្ទើរបាត់បង់ជីវិតទៅហើយ ពោលជីវិតរបស់គេបានចូលដល់ទ្វារមច្ចុរាជទៅហើយពេលបញ្ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា តែបានក្រុមគ្រូពេទ្យជួយសង្គ្រោះដណ្តើមជីវិតរបស់គេមកវិញ។
យោងតាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យ បានឱ្យដឹងថា កុមារីអាយុ៤ឆ្នាំរូបនេះ មកដល់មន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត គឺអស់ជីពចរ ដង្ហក់ដាច់ដង្ហើម និងហូរឈាមក្រពះពោះវៀន ដោយសារជំងឺគ្រុនឈាម។
ក្រុមគ្រូពេទ្យបានព្យាយាមសង្រ្គោះជីវិត ដោយម៉ស៊ីនសប់ដង្ហើម បញ្ចូលឈាម និងប្លាស្មាអស់៧ប្លោក នៅបន្ទប់សង្គ្រោះបន្ទាន់អស់៧ថ្ងៃ។ បន្ទាប់ពីសង្គ្រោះ កុមារីរូបនេះ បានធូរស្រាល និងមានសុខភាពប្រក្រតីវិញហើយ។
មន្ទីរពេទ្យសូមកោតសរសើរ និងអរគុណគ្រូពេទ្យផ្នែកសង្រ្គោះបន្ទាន់គន្ធបុប្ផា ដែលបានជួយជីវិតកុមារីរូបនេះ។
មន្ទីរពេទ្យផ្ញើសារក្រើនរំលឹកដល់អាណាព្យាបាលប្រុងប្រយ័ត្នខ្ពស់ ក្នុងរដូវភ្លៀងធ្លាក់ ដោយរួមគ្នារក្សាអនាម័យ ភូមិឋាន កម្ចាត់ជម្រកមូសខ្លា ការពារកូនចៅ កុំឲ្យមូសខ្លាខាំបង្កជាជំងឺគ្រុនឈាម ដែលអាចសម្លាប់កុមារបាន។
មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យមនុស្សធម៌ដ៏ធំនៅកម្ពុជា ព្យាបាលមិនយកកម្រៃសម្រាប់គ្រប់គ្នា ដោយគ្មានការរើសអើង។
មន្ទីរពេទ្យដំណើរការទៅបានដោយពឹងលើថវិកាសប្បុរស ដែលបានមកពីរាជរដ្ឋាភិបាល និងមូលនិធិគន្ធបុប្ផាគាំទ្រដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងមន្ត្រីជាន់ខ្ពស់ដទៃទៀត ក៏ដូចជាសប្បុរសជននានា។
មន្ទីរពេទ្យបន្តអំពាវនាវសូមការចូលរួមពីសប្បុរសជន។ការបរិច្ចាគចាប់ពី ១ដុល្លារឡើងទៅ គឺពិតជាបានជួយព្យាបាល សង្គ្រោះ និងការពារជីវិតកុមារ។
សប្បុរសជនអាចចូលរួមបរិច្ចាគថវិកាសង្គ្រោះជីវិតកុមារកម្ពុជាតាមមធ្យោបាយជាច្រើន ឬអាចបរិច្ចាគតាមបណ្តាញធនាគារដូចបង្ហាញក្នុងអត្ថបទ៕