(ភ្នំពេញ)៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងប្រទេសរុស្ស៊ីដែលដឹកនាំដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានជជែកពិភាក្សាគ្នាពីការកាត់បន្ថយភាពបន្ទច់បង្អាក់ចំពោះការផ្គត់ផ្គង់ទំនិញ របស់បណ្តាប្រទេសអាស៊ានទៅកាន់ប្រទេសរុស្ស៊ី និងពីរុស្ស៊ីមកបណ្តាប្រទេសអាស៊ានវិញ ក្រោយការរីករាលដាលជំងឺកូវីដបានធូរស្រាល និងការបើកសេដ្ឋកិច្ចឡើងវិញ ដើម្បីបង្កើតទំហំពាណិជ្ជកម្មបន្ថែមទៀត។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យនៃកិច្ចរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី១៦ ខែកញ្ញានេះថា រដ្ឋមន្រ្តីសេដ្ឋកិច្ចទាំង១០ប្រទេស អនុរដ្ឋមន្រ្តីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រុស្ស៊ីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងរុស្ស៊ី និងអាស៊ាន ដែលជាទំនាក់ទំនងចាំបាច់មួយ។
នៅក្នុងកិច្ចប្រជុំនេះនេះ ភាគីទាំងនេះ បានជំរុញ និងបង្កើនភាពធន់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គត់ ពីបណ្តាប្រទេសអាស៊ាន ទៅកាន់ប្រទេសរុស្ស៊ី និងការនាំចេញពីប្រទេសរុស្ស៊ីមកបណ្តាប្រទេសអាស៊ានវិញ នូវទំនិញមួយចំនួនជាពិសេសវត្ថុធាតុដើមជាថាមពល នៅក្រោយវិបត្តិជំងឺកូវីដ១៩ និងការបើកនូវទីផ្សារឡើងវិញ។
លោកមានប្រសាសន៍ថា «ក្នុងន័យនេះ រដ្ឋមន្រ្តីទាំងអស់ស្វាគមន៍នូវគំនិតផ្តួចផ្តើមនិងការអនុវត្តកម្មវិធីការងារពាក់ព័ន្ធនឹងពាណិជ្ជកម្ម និងការវិនិយោគ ២០២១-២០២៥ ក្នុងនោះគឺជាការសំឡឹងមើលនូវកិច្ចសហប្រតិបត្តិការអទិភាពមួយចំនួន ដែលចាំបាច់សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចរបស់តំបន់ និងរុស្ស៊ី»។
ទន្ទឹមគ្នានេះ អង្គប្រជុំបានពិនិត្យ ទៅលើស័យអទិភាពចំនួន៤ រួមមាន ការប្រើប្រាស់ឌីជីថលនីយកម្មសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ, ត្រួតពិនិត្យឡើងវិញការប្រើប្រាស់ថាមពល ជំនួសពីការប្រើប្រាស់ថាមពលផូស៊ីល មកជាការប្រើប្រាស់ថាមពលកកើតឡើងវិញ ដើម្បីបង្កាការប្រែប្រួលអាកាសធាតុ ,ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបៃតង និងទី៤ ពីភាពធន់របស់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ដែលប្រទេសអាស៊ានទាំង១០ និងរុស្ស៊ី ដែលចាំបាច់ត្រូវតែមានភាពធន់ទៅលើខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ដែលបើទោះបីជាមានវិបត្តិលើកក្រោយ ក៏នៅតែអាចទប់ទល់បាន។
រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ក៏បានលើកឡើងផងដែរ អំពី ការចុះអនុស្សារណៈនៃការយោគយល់គ្នាទៅវិញទៅមករវាងអាស៊ាន និង សហភាពសេដ្ឋកិច្ចតំបន់អាស៊ីអឺរ៉ុបដែលមាន៥ប្រទេស ខណៈកម្ពុជាក៏កំពុងជំរុញការចុះកិច្ចព្រមព្រៀងពាណិជ្ជសេរីជាមួយសហភាពសេដ្ឋកិច្ចតំបន់អាស៊ីអឺរ៉ុបផងដែរ។
បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម កាលពីឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងអាស៊ាននិងរុស្ស៊ីមានតម្លៃជាង២០ប៊ីលានដុល្លារ កើនឡើង២៧.៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០ ខណៈ ទំហំវិនិយោគរបស់រុស្ស៊ី ក្នុងប្រទេសអាស៊ានទាំង មានចំនួន ១.៧ប៊ីលានដុល្លារ៕