(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រៀបចំកម្មវិធី «ភ្ជុំបិណ្ឌ៖ តោះទៅវេចនំអន្សមរួមគ្នា» រយៈពេល៣ថ្ងៃ នៅថ្ងៃទី១៥ ទី១៧ និងទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅស្នាក់ការ ស.ស.យ.ក រាជធានីភ្នំពេញ (អគារខេមរានី)។

ពិធីបើកជាផ្លូវការត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងមានការចូលរួមពី លោក លោកស្រី អនុប្រធាន ស.ស.យ.ក. សមាជិក សមាជិកា ស.ស.យ.ក. និងសាធារណជនជាច្រើនរូប។

ក្រោមបរិយាកាសប្រកបដោយសេចក្ដីសោមនស្សរីករាយ នៃការអបអរសាទររដូវកាលភ្ជុំបិណ្ឌរបស់ប្រជាជនកម្ពុជា លោក ហ៊ុន ម៉ានី បានលើកឡើងថា កាលនៅពីក្មេងលោចាំបានថាដល់រដូវវេចនំអន្សម លោកតែងតែជួយកោសដូងលោកយាយ អ្នកម៉ែ ប៉ុន្តែថ្ងៃនេះបានចូលរួមវេចដោយខ្លួនឯង ទើបដឹងថា ពិតជាមិនងាយស្រួលទេ ទម្រាំវេចបាននំមួយៗ ផ្តើមចេញពីការរៀបចំគ្រឿងផ្សំតាមលំដាប់លំដោយ ពេលវេច ពេលចង ពេលចំអិន និងការថែរក្សា។

លោក ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូច្នេះថា «ពេលហូបដឹងថាឆ្ងាញ់ តែពេលវេចនំដោយផ្ទាល់ខ្លួនឯង ទើបបានដឹងថាមិនស្រួលនោះទេ ទម្រាំបានហូបនំមួយៗ»។

ជាមួយគ្នានេះ លោកបានសម្តែងនូវសេចក្តីសោមនុស្សរីករាយ និងធ្វើការកោតសរសើរក្រុមការងាររៀបចំកម្មវិធី «ភ្ជុំបិណ្ឌ៖ តោះទៅវេចនំអន្សមរួមគ្នា» ដែលបានរៀបចំកម្មវិធីមួយក្រោមបរិយាកាសនៃបុណ្យភ្ជុំបិណ្ឌ។ បរិយាកាសនេះ និងឱកាសនៃការជួបជុំអ្នកស្រឡាញ់ ថែរក្សាវប្បធម៌ខ្មែរបែបនេះ ពិតជារីករាយ និងមិនសូវបានប្រទះឃើញនោះទេ។

កម្មវិធីនេះប្រារព្ធឡើងក្នុងគោលបំណងរំលឹក និងបង្កើតអនុស្សាវរីយ៍ បង្កើនមិត្តភាព សាមគ្គីភាព បំផុសស្មារតីចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ដល់យុវជនជំនាន់ក្រោយ រួមទាំងបង្កើតឱកាសជួបជុំមហាគ្រសារខ្មែរ នាឪកាសពិធីបុណ្យកាន់បិណ្ឌ។ ទន្ទឹមនឹងនេះ ក៏មានការចែករំលែករបៀបវេចនំខ្មែរ និងកម្មវិធីកម្សាន្ដសប្បាយនានាបែបប្រពៃណីខ្មែរដល់អ្នកចូលរួមកម្សាន្ដសប្បាយ។

សូមជម្រាបថា ប្រជាពលរដ្ឋខ្មែរជាទូទៅ តែងវេចនំអន្សម នំគម នំបត់ នាពិធីបុណ្យភ្ជុំបិណ្ឌ ព្រោះថាជាឱកាសជួបជុំសាច់ញាតិ កូនចៅ ជាពិសេសនៅតាមបណ្ដាខេត្ត ដែលប្រជាជនខ្មែរតែងទៅលេងស្រុកកំណើត ដើម្បីជួបជុំគ្រួសារ ហើយយាយតា ឪពុក ម្ដាយ តែងតែវេចនំទាំងនេះ ដើម្បីទទួលកូនចៅ។ នៅតាមមូលដ្ឋាន និងតាមផ្ទះនីមួយៗ ក្មេងប្រុសៗ តែងតែជួយជាកម្លាំង ចំណែកក្មេងស្រីៗ តែងជួយជីដូន ឬម្ដាយ ក្នុងការវេច និងចម្អិននំទាំងនេះ។

អ្វីកាន់តែសំខាន់ទៀតនោះ គឺដំណើរការនៃការធ្វើនំអន្សម ទាមទារការតាំងចិត្ត ភាពអត់ធ្មត់ខ្ពស់ និងពេលវេលាច្រើន រាប់តាំងពីដំណាក់កាលនៃការហែក និងហាលស្លឹកចេក, លាង និងទុកអង្ករដំណើបឲ្យស្ងួត, រៀបចំវេច, ចង, និងដំណាក់កាលចុងក្រោយ គឺស្ងោរ ឬចំហុយ ឬដុត ឬបំពង ដែលតម្រូវឲ្យអ្នកចម្អិនត្រូវមើលភ្លើងឲ្យបានដិតដល់ ប្រែនំទៅមកៗ និងត្រូវចំណាយពេលច្រើនម៉ោង ដើម្បីឲ្យនំឆ្អិនបានល្អ៕