(បន្ទាយមានជ័យ)៖ អតីតគ្រូបង្ហាត់កីឡាប្រដាល់សេរីម្នាក់ កំពុងធ្លាក់ពុងធ្លាក់ខ្លួនឈឺ និងមានជីវភាពខ្វះខាត បានទទួលអំណោយពី នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន។
អំណោនេះ ធ្វើឡើងតាមរយៈលោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយចេក នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ អមដំណើរដោយលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ និងក្រុមការងារ នៅភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
អំណោយដែលទទួលបាននាវេលានោះ រួមមាន ថវិកាចំនួន៧០០,០០០រៀល, អង្ករ៦ការ៉ុង, ទឹកក្រូច១២យួរ, មី៩កេស, ទឹកត្រី៩យួរ, ទឹកស៉ីអ៉ីវ៩យួរ, ទឹកផ្លែឈើ២, ទឹកសុទ្ធវីតាល់២កេស, ត្រីខ៩ដុំ ស្មើ៣០កំប៉ុង។
អតីតគ្រូប្រដាល់ ចាន់ ពៅ អាយុ៧៤ឆ្នាំ ធ្លាប់ជាគ្រូបង្ហាត់ប្រដាល់អំឡុងឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០១២។ លោក ចាន់ ពៅ ក្រោយពីអាជីពបង្ហាត់ប្រដាល់មិនសូវកាក់កប លោកបានលាឈប់ ហើយទៅដើរស៊ីឈ្នួលធ្វើការសំណង់ និងនេសាទត្រី ដើម្បីផ្គត់ផ្គង់ជីវភាពដល់ាគ្រួសារ។ បន្ទាប់មកលោកបានធ្លាក់ខ្លួនមានជំងឺទឹកនោមផ្អែម លើសឈាម គ្មានថវិកាសម្រាប់ព្យាបាល។
ក្នុងឱកាសនោះ លោក សិទ្ធិ ឡោះ បានផ្តាំផ្ញើដល់លោកគ្រូ ចាន់ ពៅ ត្រូវបន្តរស់នៅប្រកបដោយអនាម័យ ហើយយកចិត្តទុកដាក់មើលថែសុខភាពឲ្យបានល្អ និងទៅព្យាបាលឲ្យបានទៀងទាត់ អំណោយទាំងនេះអាចជួយសម្រួលដល់ការហូបចុកប្រចាំថ្ងៃ របស់លោកគ្រូ និងក្រុមគ្រួសារបានមួយរយ:ផងដែរ។ លោកថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មិនទុកឲ្យពលរដ្ឋម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ។
លោកគ្រូ ចាន់ ពៅ និងភរិយា ក៏បានសម្តែងនូវការរំភើប និងបានគោរពថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា អាជ្ញាធរ ពិសេសលោក សិទ្ធិ ឡោះ និងក្រុមការងារ ដែលបាននាំយកអំណោយទាំងនេះ មកជូនលោកដល់ផ្ទះថ្ងៃ ស្របពេលដែលលោកកំពុងតែខ្វះខាតក្នុងជីវភាពខ្លាំង៕