(ព្រះសីហនុ)៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខកុមារប្រមាណ៦៥០នាក់ នៅអង្គការម្លប់តាប៉ាង ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ក្នុងនោះក៏មានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីអភិបាលរងក្រុងព្រះសីហនុ មន្ទីរអង្គភាពពាក់ព័ន្ធ និងសប្បុរសជនផងដែរ។
លោកស្រី រ័ត្ន ច័ន្ទផល្គុណ នាយិកាអង្គការម្លប់តាប៉ាង បានឲ្យដឹងថា អង្គការម្លប់តាប៉ាង បាននិងកំពុងធ្វើការងារជាមួយកុមារ យុវជនងាយរងគ្រោះ ក្រុមគ្រួសារ និងសហគមន៍របស់ពួកគេនៅក្នុងខេត្តព្រះសីហនុ ផ្តល់ឱកាសដល់ពួកគេនូវជម្រើសជាវិជ្ជមាន និងការគោរពសិទ្ធិដោយគ្មានការរើសអើង ថ្ងៃនេះមានកុមារចំនួនជាង ៦៥០នាក់ បានចូលរួមទទួលទានអាហារថ្ងៃត្រង់ដែលឧបត្ថម្ភដ៏ថ្លៃថ្លាប្រកបដោយទឹកចិត្តមនុស្សធម៌ ពីអភិបាលខេត្ត និងសប្បុរសជន។
អង្គការបានធ្វើការងារជាមួយកុមារ យុវជនវ័យក្មេង និងគ្រួសារមានជម្រើសវិជ្ជមាន និងផ្តល់សេវាកម្មដូចជា៖
*ទី១៖ កម្មវិធីសហគមន៍ តាមមូលដ្ឋាន
*ទី២៖ កម្មវិធីបញ្ជូនកុមារចូលសាលារៀន
*ទី៣៖ កម្មវិធីសុខភាព
*ទី៤៖ កម្មវិធីការពារសិទ្ធិកុមារ និងទូរស័ព្ទបន្ទាន់សម្រាប់កុមារបំរើការងារ ២៤ម៉ោង
*ទី៥៖ កម្មវិធីចលនាសុវត្ថិភាពកុមារ
*ទី៦៖ កម្មវិធីកាត់បន្ថយគ្រោះថ្នាក់ គ្រឿងញៀន សុរា និងសេវាកម្មផ្ទះរំចង់ (មណ្ឌលបន្សាបគ្រឿងញៀន គ្រឿងស្រវឹង)
*ទី៧៖ កម្មវិធីអប់រំ សិល្បៈ កីឡា និងថែទាំពេលថ្ងៃ
*ទី៨៖ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ (ភោជនីយដ្ឋានបណ្តុះបណ្តាល «សណ្តាន់» ជួសជុលកង់ ម៉ូតូ អគ្គិសនី និងផលិតផលតាមផ្ទះ)
*ទី៩៖ កម្មវិធីអនាគត ការងារ និងមុខរបរ
*ទី១០៖ កម្មវិធីអប់រំសហគមន៍ និងផ្ទះថែទាំទារក
*ទី១១៖ កម្មវិធីកុមារពិសេស
*ទី១២៖ កម្មវិធីថែទាំជំនួស និងមណ្ឌលស្នាក់នៅបណ្ដោះអាសន្ន។
ក្នុងឱកាសនោះ លោក គួច ចំរើន បានថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូ អង្គការម្លប់តាប៉ាង បានខិតខំរួមគ្នាជម្នះការលំបាកស្មុគស្មាញផ្សេងៗ សំដៅទៅរកការកសាងធនធានមនុស្សក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសធនធានមនុស្សខេត្តព្រះសីហនុ ដើម្បីកាត់បន្ថយកុមារ គ្រួសារធ្វើការ និងរស់នៅតាមថ្នល់។
លោកថា កន្លងមកលោកស្រី ប្រាក់ ចន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណ:កម្មាធិការពិគ្រោះតយោបល់ស្រ្តី និងកុមារ បានចុះ និងសហការជាមួយអង្គការម្លប់តាប៉ាងជាបន្តបន្ទាប់ ថ្ងៃនេះបានឯកភាពគ្នា ចុះសួរសុខទុក្ខ និងនាំយកអាហារ មាននំប័ង នំបញ្ចុក និងសម្លការីជូនកុមារ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌតាមប្រពៃណីជាតិ ដោយឡែកកុមារកំព្រានៅទីនេះ មិនមានឱកាសទៅវត្ត តែកុមារបានជួបគ្នានៅទីនេះ។
អភិបាលខេត្តព្រះសីហនុ បានកោតសរសើរវាយតម្លៃខ្ពស់ ចំពោះអង្គការម្លប់តាប៉ាងរួមសហការការគាំទ្រលើកកម្ពស់កុមារនៅខេត្តព្រះសីហនុ ថ្ងៃនេះបានជួបជុំគ្នា ម្យ៉ាងទៀតនៅតំបន់នេះ រងការជន់លិចនៅរដូវវស្សារយៈពេលខ្លី បង្កការរៀនសូត្ររបស់កុមារ ក៏ប៉ុន្តែមិនមានគ្រោះថ្នាក់អ្វីនោះទេ។ រដ្ឋបាលខេត្ត បានជំរុញ និងប្រែប្រួលតំបន់នេះដោយរៀបចំហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ជុំវិញអង្គការម្លប់តាប៉ាង ប្រកបដោយសោភ័ណ្ឌភាពកាន់តែល្អប្រសើរឡើងថែមទៀត។
សូមបញ្ជាក់ថា ការរៀបចំនំប័ង នំបញ្ចុក និងសម្លការី និងថវិកា ៥០,០០០រៀលក្នុងកុមារម្នាក់ ជាការជួយឧបត្ថម្ភពីសប្បុរសជន៕