(ព្រះវិហារ)៖ លោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត រួមជាមួយរដ្ឋបាលក្រុងព្រះវិហារ ព្រមទាំងមន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជីវករ និងប្រជាពលរដ្ឋ បានរួមគ្នាធ្វើអនាម័យដើររើស និងបោសសម្រាមនៅ តាមដងផ្លូវក្នុងទីប្រជុំជនក្រុងព្រះវិហារ ក្នុងឱកាសប្រារព្ធទិវាពិភពលោកស្អាត ដើម្បីបញ្ជ្រាបការ យល់ដឹងអំពីអនាម័យ និងសម្អាតបរិស្ថាន និងដើម្បីផ្សព្វផ្សាយអំពីការចូលរួម «យុទ្ធនាការកម្ពុជា ស្អាត» ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។
ថ្លែងក្នុងឱកាសនោះ លោក វ៉ាត ប៉ារ៉ានីន បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាមាសបៃតង និងដើរតួនាទីយ៉ាងសំខាន់ រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈ នៃការផ្ដល់ឱកាសការងារធ្វើដោយប្រយោល និងដោយផ្ទាល់។
លោកបានបញ្ជាក់ថា ការប្រារព្ធពិធីនៅពេលនេះ គឺពិតជាមានសារៈសំខាន់ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្នុងការស្ដារឡើងវិញនូវវិស័យ ទេសចរណ៍ ក្រោយពីវិបត្តិជំងឺកូវីដ-១៩។ លើសពីនេះសកម្មភាពយើងទាំងអស់គ្នា បានចូលរួមធ្វើឲ្យពិភពលោកស្អាត កម្ពុជាស្អាត ខេត្តស្អាត និងបៃតងសម្រាប់ទាក់ទាញភ្ញៀវទេសចរ។
លោកបន្ថែមទៀតថា ពាក្យគន្លឹះសម្រាប់ប្រធានបទនាពេលនេះគឺ «ស្អាត» ដែលជាអភិ ក្រមថ្មី នៅក្នុងការជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្ត មានន័យថា «ស្អាត» គឺស្អាត ដោយមានទេសភាពស្រស់ត្រកាល ស្អាតដោយភាពប្រណិត ស្អាតដោយមានបរិស្ថានល្អប្រសើរ ស្អាតដោយមានអនាម័យ ស្អាតដោយមានសុវត្ថិភាព ស្អាតដោយមានគុណភាព និងស្អាតដោយ មានឱជារសឆ្ងាញ់ពិសារ។
ទន្ទឹមគ្នានេះ លោកអភិបាលរងខេត្តព្រះវិហារ ក៏បានស្នើដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ និងផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវបន្ដរួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់អំពី ការគ្រប់គ្រង ការទុកដាក់ និងការវេចខ្ចប់កាកសំណល់ឲ្យបានត្រឹមត្រូវ សម្អាតអនាម័យបរិស្ថាន ឲ្យបានស្អាតជាប្រចាំ ដោយធានាឲ្យបាននូវភាពស្អាត និងបៃតង សម្ដៅចូលរួមលើកកម្ពស់ ចលនាទេសចរណ៍ក្នុងស្រុក ដោយផ្សាភ្ជាប់ជាមួយស្មារតីស្រលាញ់ជាតិ ស្របតាមទិសស្លោក «ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី»៕