(ព្រះសីហនុ)៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះរបស់ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ទៅសង្កាត់កោះរ៉ុងសន្លឹម ដើម្បីទទួលយកបុរសម្នាក់ ដែលបានគ្រោះថ្នាក់ដោយសារតែថ្មបាក់សង្កត់លើជើងបណ្តាលឲ្យបាក់ជើងខាងស្តាំ។
ជុំវិញគ្រោះថ្នាក់ខាងលើ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា បុរសខាងលើមានឈ្មោះ សុខ វាសនា អាយុ៣២ឆ្នាំ បច្ចុប្បន្នជាកម្មករសំណង់ ដែលមានទីតាំង ស្ថិតនៅ ភូមិកោះរ៉ុងសន្លឹម (ឆ្នេរ២៣) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
បច្ចុប្បន្នជនរងគ្រោះខាងលើ ត្រូវបានក្រុមការងារសង្គ្រោះ របស់លោកឧកញ៉ា នាំយកមកតាមអូប័រពេទ្យល្បឿនលឿន មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្ត យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រះសីហនុ៕