(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រាប់ Fresh News ឱ្យដឹងនៅព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦នេះថា អង្គភាពរបស់លោក បានទទួលពាក្យបណ្តឹងរបស់ លោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភី បញ្ញាជនរួចហើយ ដោយគ្រោងនឹងបើកកិច្ចប្រជុំពិភាក្សា នៅថ្ងៃចន្ទ សប្តាហ៍ក្រោយនេះ។
លោកទេសរដ្ឋមន្រ្តី បានអះអាងថា នៅក្នុងការប្រជុំពិភាក្សានោះ លោកបានអញ្ជើញតំណាងពាក្យបណ្តឹង៣រូប ដើម្បីចូលស្តាប់ការវែកញែក និងវិភាគដោយមន្រ្តីជំនាញ ACU។
លោក ឱម យ៉ិនទៀង បានបញ្ជាក់យ៉ាងដូច្នេះថា «អបព បានទទួលហើយនូវពាក្សប្តឹងរបស់ NGOនេះ ហើយនឹងដាក់ក្នុងប្រជុំវិភាគ ព្រឹកថ្ងៃចន្ទនេះ។ ម្ចាស់បណ្តឹង៣នាក់ពី NGO នេះនឹងចូលស្តាប់ការវីភាគនេះ»។
កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ លោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជន បានសរសេរលិខិតមួយច្បាប់ផ្ញើទៅកាន់ អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីប្តឹងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ៤រូបរួមមាន លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប លោក គួយ ប៊ុនរឿន អនុប្រធានគ.ជ.ប លោក ហង់ ពុទ្ធ សមាជិកគ.ជ.ប និងជាអ្នកនាំពាក្យ និងលោក ម៉ោង សុភារិទ្ធ អគ្គលេខាធិការរង គ.ជ.ប អំពីការឃុបឃិតគ្នាប្រព្រឹត្តិ អំពើពុករលួយក្នុងការតែងតាំង និងការធ្វើ សមាហរណកម្ម មន្រ្តីរាជការក្នុងស្ថាប័នគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ប្រព្រឹត្តក្នុងខែមករា ឆ្នាំ២០១៦។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់ Fresh News ឱ្យដឹងថា លោក រស់ សារ៉ុម ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ រឿងប្តឹងថ្នាក់ដឹកនាំគ.ជ.ប ទៅអង្គភាពប្រឆាំងអំពើពុករលួយដោយមិនមានមូលដ្ឋានច្បាស់លាស់។ លោកចាត់ទុកថា ករណីនេះជាការ បរិហារកេរ្តិ៍៕