(បាត់ដំបង)៖ ធនាគារជាតិនៃកម្ពុជា បន្ដផ្សព្វផ្សាយយុទ្ធនាការ នៃការប្រេីប្រាស់ប្រាក់រៀល តាមបណ្ដាខេត្ត ដេីម្បីជំរុញការប្រេីប្រាស់ប្រាក់រៀល ជាក់ស្ដែងនាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ធនាគារជាតិនៃកម្ពុជា យុទ្ធនាការផ្សព្វផ្សាយប្រាក់រៀល នៅខេត្តបាត់ដំបង។
យុទ្ធនាការផ្សព្វផ្សាយប្រាក់រៀល នៅខេត្តបាត់ដំបង ធ្វេីឡេីងក្រោមការចូលរួមពី លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា។
លោកស្រី ជា សិរី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់ប្រជាជន ក្នុងខេត្តបាត់ដំបងទាំងអស់ ក្នុងការចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ជាក់ស្ដែងចំណូល និងចំណាយជាប្រាក់រៀល របស់ប្រតិបត្តិការគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងខេត្ត បាត់ដំបង កើនឡើងគួរឱ្យកត់សម្គាល់។
លោកស្រីបានថ្លែងថា តាមការសិក្សាកន្លងមកបញ្ជាក់ថា ៨០ភាគរយនៃការចំណាយប្រចាំថ្ងៃ ក្នុងខេត្តបាត់ដំបងត្រូវបានធ្វើឡើងជាប្រាក់រៀល។
លោកស្រី ជា សិរី បានគូស បញ្ជាក់បន្ថែមថា «ចំណូល និងចំណាយរបស់ប្រតិបត្តិការគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅខេត្តបាត់ដំបងជាប្រាក់រៀល មានការកើនឡើងគួរឱ្យកត់សម្គាល់។ ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ប្រាក់ រៀល ក្នុងចរាចរបានកើនឡើង១៦ភាគរយ ប្រាក់បញ្ញើជារៀលកើនឡើង ២៩ភាគរយ និងឥណទានជាប្រាក់រៀលកើន៣៨ភាគរយជាមធ្យមក្នុងមួយឆ្នាំ»។
សូមជម្រាបថា លទ្ធផលអង្កេតរបស់ធនាគារជាតិនៃកម្ពុជា សហការជាមួយទីភ្នាក់សហប្រតិបត្តិការអន្តរជាតិជប៉ុន កាលពីឆ្នាំ២០១៧កន្លងមក បានបង្ហាញថា ប្រាក់រៀលបានទទួលការទុកចិត្ត និងប្រើប្រាស់កាន់តែច្រើនឡើង ជាពិសេសចំពោះចំណាយប្រចាំថ្ងៃ ហើយនៅតាមតំបន់ជនបទប្រាក់រៀល ដើរតួនាទីចម្បង និងទូលំទូលាយ នៅក្នុងជីវភាពរស់នៅ។
លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា ការចាយវាយប្រាក់រៀលនៅខេត្ត បាត់ដំបងពីសំណាក់ ប្រជាពលរដ្ឋមាន ច្រើនគួរជាទីមោទនៈ ជាពិសេសការចំណាយប្រចាំថ្ងៃ ដូចជា ម្ហូបអាហារ ភេសជ្ជៈ សម្លៀកបំពាក់ និងការធ្វើ ដំណើរជាដើម ទោះបីខេត្តបាត់ដំបងជាខេត្តទេសចរណ៍ ដ៏ទាក់ទាញសម្រាប់ ភ្ញៀវទេសចរបរទេសដែលបាន នាំមកនូវប្រភពចំណូល ជារូបិយប័ណ្ណបរទេសយ៉ាងច្រើន។
លោកអភិបាលរងខេត្តបាត់ដំបង បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងក្រុមហ៊ុន សហគ្រាស ឱ្យចូលរួមប្រើប្រាស់ប្រាក់ រៀល ជំនួសឱ្យរូបិយប័ណ្ណបរទេស ឱ្យកាន់តែច្រើនឡើងថែមទៀត ពីព្រោះប្រាក់រៀលជារូបិយប័ណ្ណរបស់ជាតិយើងទាំងអស់គ្នា៕