(បាត់ដំបង)៖ ក្នុងដំណើរបេសកកម្មនៅខេត្តបាត់ដំបង ប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការ បានអញ្ជើញធ្វើទស្សនកិច្ច និងជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យពេជ្រចិន្តា នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូគណៈកម្មការបានស្តាប់នូវរបាយការណ៍ការងារ ព្រមទាំងលទ្ធផលជាសមិទ្ធផលនានា ដែលវិទ្យាល័យសម្រេចបាន ជាពិសេសលើការអប់រំធនធានមនុស្សដែលជាកម្លាំងបន្តវេនទៅថ្ងៃអនាគត។
បន្ទាប់ពីបានស្វែងយល់ពីកត្តាមូលដ្ឋានដែលនាំមកនូវភាពជោគជ័យរបស់វិទ្យាល័យពេជ្រចិន្តា លោក ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារជាសមូហភាព ប្រកបដោយការច្នៃប្រឌិតខ្ពស់របស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងសហគមន៍ទាំងអស់ ដែលបានរួបរួម សាមគ្គី និងសហការគ្នាសម្រេចបានជាសមិទ្ធផលជាច្រើនគាប់ប្រសើរ សម្រាប់វិទ្យាល័យ ជាពិសេសការកសាងភាពជាគម្រូដ៏ល្អប្រសើរក្នុងវិស័យអប់រំនៅកម្ពុជា។
លោក ហ៊ុន ម៉ានី បានរំលឹកទៀតថា កាលពីឆ្នាំ២០២០ នៅពេលដែលលោកមកបំពេញបេសកកម្មនៅខេត្តបាត់ដំបង កាលនោះលោកក៏បានសំណេះសំណាលជាមួយលោកនាយកវិទ្យាល័យពេជ្រចិន្តា ដែលជាជ័យលាភីលេខ១ ការប្រលងប្រជែងវិទ្យាល័យគំរូ ហើយក៏បាននឹកគិតថានឹងមកទស្សនកិច្ចនៅវិទ្យាល័យនោះម្តង បើមានឱកាស។
លោកបានបញ្ជាក់បែបនេះថា «ថ្ងៃនេះខ្ញុំបានមកដល់វិទ្យាល័យនេះដោយផ្ទាល់ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែងរបស់សាលា ដែលស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក និងសហគមន៍ទាំងមូលដែលបានចូលរួមធ្វើឲ្យវិទ្យាល័យនេះ មានសោភ័ណភាពល្អប្រពៃ ប្រកបដោយសណ្តាប់ធ្នាប់ វិន័យខ្ពស់ អនាម័យ បរិស្ថានស្អាត»។
គ្រឹះស្ថានអប់រំ គឺជាមជ្ឈដ្ឋានសំខាន់មួយសម្រាប់ការបណ្តុះស្មារតី មនសិការរបស់យុវជន បន្ថែមពីលើការអប់រំចំណេះដឹងទូទៅ។ ពិតណាស់ ការផ្តល់គម្រូល្អក្នុងការរស់នៅប្រកបដោយសីលធម៌ ទំនួលខុសត្រូវ និងការគោរពគ្នាតាមរយៈការរៀបចំបរិវេណសាលារៀននេះ គឺជាការចូលរួមដ៏មានសារៈសំខាន់ក្នុងការកសាងធនធានមនុស្ស ដែលមិនត្រឹមតែមានសមត្ថភាពប៉ុណ្ណោះទេ តែក៏ពោរពេញដោយធម៌ផងដែរ។
សូមបញ្ជាក់ថា វិទ្យាល័យពេជ្រចិន្តា ត្រូវបានរាជរដ្ឋាភិបាលប្រគល់វិញ្ញាបនបត្រទទួលស្គាល់ជា វិទ្យាល័យជ័យលាភីគំរូ ចំណាត់ថ្នាក់លេខ១ ប្រចាំឆ្នាំ២០១៩ (សេវាសាធារណៈល្អ) ហើយព្រមទាំងទទួលបានពានរង្វាន់ជាបន្តបន្ទាប់ ទាំងលើផ្នែកគ្រប់គ្រងសាលា និងការបង្រៀន។ ជាមួយនឹងសមិទ្ធផលជាបន្តបន្ទាប់ វិទ្យាល័យពេជ្រចិន្តា ក៏បានទទួលការកោតសរសើរ និងសាទរចំពោះភាពគម្រូក្នុងការគ្រប់គ្រង ការអនុវត្តវិន័យ ការសិក្សា និងបរិស្ថានសាលា ពីសំណាក់មហាជនទូទាំងប្រទេស៕