(សៀមរាប)៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ លោក សូ វិសុទ្ធី រដ្ឋលេខាធិការ បានដឹកនាំសម្របសម្រួលក្រុមការងារអន្តរក្រសួង និងប្រតិបត្តិករទូរគមនាគមន៍ ចុះត្រួតពិនិត្យទីតាំងពង្រឹងគុណភាពសេវាទូរគមនាគមន៍ ដនៅតាមតំបន់ទេសចរណ៍អាទិភាព តំបន់ការពារធម្មជាតិ និងតំបន់ដាច់ស្រយាល ក្នុងខេត្តសៀមរាប។

ការងារនេះធ្វើឡើងដោយគោរពតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងស្របតាមយន្ដការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានបង្កើតក្រុមការងារលើកកម្ពស់គុណភាពសេវាទាំង៥តំបន់ កាលពីខែឧសភា ឆ្នាំ២០២១កន្លងមក

ការចុះត្រួតពិនិត្យនេះ ដើម្បីសិក្សាស្វែងយល់ និងកំណត់ទីតាំងសម្រាប់តម្លើងអង់តែនទូរសព្ទនៅទីតាំងចំនួន៧ នៅក្នុងខេត្តសៀមរាប រួមមាន តំបន់អង្គរ រមណីយដ្ឋានកំពង់ភ្លុក ចង្រ្កានរយ ទឹកធ្លាក់ក្បាលស្ពាន ខ្នារពោធិ៍ វត្តភើង ដែលជាគោលដៅទេសចរណ៍អាទិភាព ក្រោយក្រុមការងារអន្តរក្រសួងរៀបចំកិច្ចប្រជុំ ជាមួយរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៥ ខែកញ្ញាម្សិលមិញ។

កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងពិភាក្សាលើចំណុចសំខាន់ៗជាច្រើន ដើម្បីសាងសង់បង្គោលអង់តែនទូរស័ព្ទចល័ត និងការតភ្ជាប់បណ្តាញអ៉ីនធ័រណេតដើម្បីពង្រីកវិសាលភាពធានា ដល់ការផ្តល់សេវាគ្រប់ដណ្តប់ នៅតាមតំបន់គោលដៅទេសចរណ៍អាទិភាព តំបន់ការពារធម្មជាតិ និងតំបន់ដាច់ស្រយាលក្នុងខេត្តសៀមរាប។

លោក សូ វីសុទ្ឋី រដ្ឋលេខាធិការក្រសួងប្រៃសណីយ និងទូរគមនាគមន៍ និងជាប្រធានប្រតិភូដឹកនាំកិច្ចប្រជុំ បានលើកឡើងថា យោងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) ក្រុមការងារអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធ បានរៀបចំកិច្ចប្រជុំ និងចុះត្រួតពិនិត្យសិក្សាគុណភាពសេវាទូរគមនាគមន៍ តាមគោលដៅទេសចរណ៍អាទិភាព តំបន់ការពារធម្មជាតិ និងតំបន់ទេសចរណ៍ដាច់ស្រយាលនៅទូទាំងប្រទេស ចាប់ពីខែកញ្ញា ឆ្នាំ២០២២ នេះតទៅ ដើម្បីពង្រឹងគុណភាពសេវា និងបានជាមូលដ្ឋាន ក្នុងការសាងសង់បង្គោលអង់តែនចំនួន១០០ ដូចដែលមានចែងក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក.ប.ទ. ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ជាមួយគ្នានេះក្រសួងបានបង្កើតក្រុមការងារលើកកម្ពស់គុណភាពសេវា ដោយបានបែងចែកជា៥តំបន់។

សម្រាប់ខេត្តសៀមរាប ជាតំបន់ទី៤ ក្រុមការងារអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធនឹងចុះត្រួតពិនិត្យ និងសិក្សាគុណភាពសេវាទូរគមនាគមន៍ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ តាមទីតាំង និងកាលបរិច្ឆេទ ដែលបានកំណត់ចំនួន៧គោលដៅ នៃតំបន់ប្រាសាទ និងគោដៅសហគមន៍ទេសចរណ៍ធម្មជាតិ អាទិភាពមួយចំនួនទៀតផងដែរ។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានសម្តែងការគាំទ្រ និងផ្តល់ភាពសហការទំនាក់ទំនងជិតស្និទ្ឋគ្រប់ពេលវេលា និងសង្ឃឹមថានាពេលឆាប់ៗនេះ តំបន់ទេសចរណ៍ក្នុងខេត្តសៀមរាប នឹងទទួលបាននូវសេវាទូរស័ព្ទ និងអ៉ីនធ័រណេតប្រកបដោយគុណភាពគ្រប់ទីកន្លែង។

លោក ពិន ប្រាកដ បានកត់សម្គាល់ថា មកដល់ពេលនេះតំបន់ជាច្រើននៅក្នុងខេត្តសៀមរាប គោលដៅសំខាន់ៗមួយចំនួនរបស់ខេត្ត ពិបាក ឬពុំអាចទំនាក់ទំនងគ្នាបាននោះទេ តាមរយៈប្រព័ន្ធទូរស័ព្ទអ៉ីនធ័រណេត ដូចជានៅចំណុចខ្លះ នៃមណ្ឌលមន្ទីររដ្ឋបាលខេត្ត នៅសាលាស្រុកបន្ទាយស្រី សាលាស្រុកអង្គរធំ តំបន់ភូមិធម្មជាតិរុនតាឯក។ល។ សេវាខ្សោយ ឬពុំមានសេវាពិបាកក្នុងការធ្វើទំនាក់ទំនងគ្នាតែម្តង។

ដូច្នេះសំណូមពរដល់ក្រុមការងារអន្តរក្រសួង ពង្រីក និងពន្លឿនឲ្យបានឆាប់រហ័សផ្តល់ និងពង្រឹងគុណភាពសេវាទូរស័ព្ទ និងអ៉ីនធ័រណេតនៅគោលដៅរដ្ឋបាលសំខាន់ៗ ដើម្បីមានភាពងាយស្រួលក្នុងការទំនាក់ទំនងលើកិច្ចការបន្ទាន់ និងចាំបាច់រវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលស្រុក ក៏ដូចជាអង្គភាពស្ថាប័នពាក់ព័ន្ធនៅតាមមូលដ្ឋាន។ បន្ថែមពីនេះក៏ស្នើសុំជួយរៀបចំប្រព័ន្ធសេវាអ៉ីនធ័រណេតសាធារណៈនៅដងស្ទឹងសៀមរាប ពីស្ពានព្រះរាជដំណាក់ ទៅដល់ស្ពានវត្តព្រះព្រហ្មរ័ត្ន ព្រោះជាតំបន់ពេញនិយមរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិធ្វើដំណើរទៅមក។

លោក ស៊ា ណារ៉េត អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ និងទូរគមនាគមន៍ និងជាប្រធានទទួលបន្ទុកតំបន់៤ បានរំលឹកដល់ក្រុមហ៊ុនផ្តល់សេវាទាំងអស់ ត្រូវពង្រឹងការងារបច្ចេកទេសឡើងវិញ ចៀសវាងភាពព្រងើយកន្តើយ និងខ្វះគុណភាពសេវាជូនអតិថិជន នឹងអាចរងពិន័យអន្តរការណ៍។

លោកបានអះអាងថា យោងតាម «ប្រកាសស្តីពីគុណភាពសេវាទូរគមនាគមន៍» ប្រតិបត្តិករទូរគមនាគមន៍មាន រយៈពេល១០ (ដប់)ខែ ដើម្បីកែលំអរ និងពង្រឹងគុណភាពសេវាទូរគមនាគមន៍របស់ខ្លួន ក្នុងករណីប្រតិបត្តិករទូរគមនាគមន៍ណាមិនអនុវត្តតាមស្តង់ដារអប្បបរមា ដែលបានកំណត់ក្នុងប្រកាសនេះទេ ប្រតិបត្តិករទូរគមនាគមន៍នោះ នឹងត្រូវទទួលរងពិន័យ ហេតុនេះសូមប្រតិបត្តិករទូរគមនាគមន៍ ភាគីពាក់ព័ន្ធចូលរួមសហការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។

បន្ថែមពីនេះ លោក សូ វីសុទ្ឋី រដ្ឋលេខាធិការក្រសួងប្រៃសណីយ និងទូរគមនាគមន៍ បានណែនាំដល់ប្រតិបត្តិករក្រុមហ៊ុនផ្តល់សេវាទាំងអស់ សហការជាមួយអាជ្ញាធរពាក់ព័ន្ធពិនិត្យ និងរៀបចំការពង្រឹងគុណភាពសេវាឡើងវិញ ដើម្បីឈានទៅរកភាពឈ្នះឈ្នះទាំងអស់គ្នា៕