(ភ្នំពេញ)៖ កិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០ រយៈពេលពីរថ្ងៃបានបិទបញ្ចប់ហើយ។

កិច្ចប្រជុំត្រូវបានធ្វើឡើងតាមទម្រង់កូនកាត់ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំធ្វើឡើងក្រោមមូលបទ «បង្កើនល្បឿនអន្តរកាលថាមពល ៖ការស្ដារសេដ្ឋកិច្ច ឡើងវិញ និង កំណើនប្រកបដោយចីរភាព»។

យោងតាមក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា កិច្ចប្រជុំបានអនុម័តលើសេចក្តីថ្លែងការណ៍និងរបាយការណ៍ចំនួន៤រួមមាន៖
១៖ អនុម័តលើរបាយការណ៍នៃលទ្ធផលការងារ និងទិសដៅបន្ត ក្រោមក្របខណ្ឌផែនការសកម្មភាពកិច្ចសហប្រតិបត្តិការថាមពលអាស៊ាន ដំណាក់កាលទី២ (២០២១-២០២៥)
២៖ អនុម័តលើរបាយការណ៍នៃលទ្ធផលការងារ និងទិសដៅបន្តនៃកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនារួមមាន ទីភ្នាក់ងារអន្តរជាតិថាមពលកកើតឡើងវិញ (IRENA) និងទីភ្នាក់ថាមពលអន្តរជាតិ (IEA)
៣៖ អនុម័តលើសេចក្តីថ្លែងការណ៍រួមសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ាន លើកទី៤០ (40th AMEM)
៤៖ អនុម័តលើសេចក្តីថ្លែងការណ៍រួមសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានបូកបី លើកទី១៩ (19th AMEM+3) និងកិច្ចប្រជុំរដ្ឋមន្រ្តីថាមពលអាស៊ីបូព៌ា លើកទី១៦ (16th EAS EMM)៕