(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំ និងក្រើនរំលឹកដល់ម្ចាស់អាជីវកម្មផ្ទះសំណាក់ សណ្ឋាគារ និងខុនដូទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់លើការថតចម្លងអត្តសញ្ញាណប័ណ្ណ ឬប៉ាស្ព័ររបស់ភ្ញៀវគ្រប់រូប ដែលចូលស្នាក់នៅទីតាំងរបស់ខ្លួន ដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងៗ។

ការណែនាំនេះធ្វើឡើងនារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ ដែលលោក ហួត ហៃ, លោក សុខ ពេញវុធ និងលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំស្តីអំពីការពង្រឹងសន្តិសុខ សុវត្ថិភាព នៅតាមបណ្តាមូលដា្ឋន អាជីវកម្ម សេវាកម្មស្នាក់នៅទេសចរណ៍។ ក្នុងនោះមានការចូលរួមពី លោក ម៉ម វាសនា ទីប្រឹក្សាក្រសួងទេសចរណ៍ និងជាប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ព្រមម្ចាស់អាជីវកម្ម សេវាកម្ម ផ្នែកទេសចរណ៍ ខុនដូ ប្រមាណ៣០០នាក់។

លោក ហួត ហៃ បានលើកឡើងថា កិច្ចប្រជុំនៅពេលនេះ មានគោលបំណងណែនាំឲ្យម្ចាស់អាជីវកម្ម អនុវត្តឲ្យបានត្រឹមត្រូវ ចំពោះច្បាប់ជាធរមាន ក្នុងន័យឲ្យម្ចាស់យកចិត្តទុកដាក់ ចំពោះភ្ញៀវដែលមកស្នាក់នៅផ្ទះសំណាក់ សណ្ឋាគារ និងខុនដូ របស់ខ្លួនឲ្យបានត្រឹមត្រូវ និងម៉ត់ចត់ ដោយសារថា កន្លងមកនេះ អ្នកដែលបានស្នាក់នៅមួយចំនួន បានធ្វើសកម្មភាពបង្ករបទល្មើសផ្សេងៗ នៅក្នុងទីតាំងដែលខ្លួនស្នាក់នៅ។

ដូច្នេះហើយទើបរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច ជំរុញឲ្យម្ចាស់ទីតាំងទាំងអស់ ត្រូវតែយក ឬថតចម្លងអត្តសញ្ញាណប័ណ្ណ ឬប៉ាស្ព័រ របស់ភ្ញៀវគ្រប់រូប ដែលចូលស្នាក់នៅទីតាំងរបស់ខ្លួន ដើម្បីបង្ការទប់ស្កាត់បទល្មើស តែបើបទល្មើសផ្សេងៗ កើតមានឡើង យើងមានអត្តសញ្ញាណជនសង្ស័យ ដែលអាចឲ្យយើងសាវជ្រាវឈានទៅដល់ការឃាត់ខ្លួនជនទាំងនោះ មកដាក់ទោសតាមផ្លូវច្បាប់បាន។

លោក ហួត ហៃ ក៏បានជំរុញឲ្យម្ចាស់អាជីវកម្ម សេវាកម្ម ផ្នែកទេសចរណ៍ទាំងអស់ដែលមិនទាន់មានច្បាប់អនុញ្ញាត្តិ ត្រូវមកសុំច្បាប់អាជីវកម្មរបស់ខ្លួនឲ្យបានត្រឹមត្រូវ តាមរយៈច្រក ចេញ ចូលតែមួយនៅថ្នាក់ខណ្ឌ និងអង្គភាពច្រក ចេញ ចូលតែមួយនៅថ្នាក់រាជធានី៕