(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានអញ្ជើញជាវាគ្មិនលើប្រធានបទ «ហិរញ្ញប្បទាន សុខាភិបាលសម្រាប់ធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវា» ក្នុងវេទិកាស្តីពីហិរញ្ញប្បទានសុខាភិបាលសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ដែលប្រព្រឹត្ដទៅនៅទីក្រុងបាងកក ប្រទេសថៃឡង់ដ៍ ដែលមានអ្នកចូលរួមជិត២០០នាក់ មកពីបណ្តាប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្នុងឱកាសនេះដែរ លោកស្រី យក់ សម្បត្ដិ បានអញ្ជើញជាវាគ្មិន និងដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ទៅចូលរួមវេទិកា ស្តីពីហិរញ្ញប្បទានសុខាភិបាល សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក រយៈពេល២ថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ធនាគាពិភពលោក។

គោលបំណងនៃវេទិកានេះ គឺដើម្បីចែករំលែកមេរៀនជាបទពិសោធន៍ពាក់ព័ន្ធនឹងការផ្តល់ហិរញ្ញប្បទាន ដល់កម្មវិធីថែទាំសុខភាពបឋម ជាពិសេសអំពីតួនាទីដ៏សំខាន់របស់ក្រសួងសុខាភិបាលនៃប្រទេសនីមួយៗ ក្នុងការការលើកកម្ពស់សុខភាពរបស់ប្រជាជន។

វេទិការយៈពេល២ថ្ងៃនេះ បានប្រមូលអ្នកជំនាញការ និងអ្នកមានបទពិសោធន៍ផ្នែកហិរញ្ញប្បទានសុខាភិបាលជាច្រើន បានចូលរួមជាវាគ្មិន ដោយផ្តោតលើប្រធានបទសំខាន់ៗដូចជា៖

១៖ ការបង្កើនភាពស័ក្តសិទ្ធនៃប្រព័ន្ធសុខាភិបាលក្នុងបរិបទនៃ COVID-19 និងនិន្នាការរយៈពេលវែង
២៖ យកប្រជាជនជាមជ្ឈមណ្ឌល៖ ការផ្តល់ហិរញ្ញប្បទានកម្មវិធីថែទាំសុខភាពបឋម ដល់អង្គភាពសុខាភិបាលសកល
៣៖ ការផ្តល់មូលនិធិដល់កម្មវិធីថែទាំសុខភាពបឋមក្នុងបរិបទនៃ COVID-19
៤៖ ការការពារហិរញ្ញប្បទានសុខាភិបាលក្នុងបរិបទនៃ COVID-19
៥៖ ហិរញ្ញប្បទានឱសថសារវ័ន្ត សម្រាប់កម្មវិធីថែទាំសុខភាពបឋម
៦៖ ពន្ធសម្រាប់សុខភាពក្នុងបរិបទនៃ COVID-19
៧៖ ការវាយតម្លៃប្រសិទ្ធភាពកម្មវិធីថែទាំសុខភាពបឋម៖ វិភាគអំពីការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងលក្ខខណ្ឌតម្រូវការសង្គ្រោះបន្ទាន់ចាំបាច់
៨៖ ហិរញ្ញប្បទានសុខាភិបាល សម្រាប់ធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវា។

ជាមួយគ្នានោះដែរ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានចែករំលែកបទពិសោធន៍ល្អ និងវឌ្ឍនភាព នៃវិស័យសុខាភិបាល ជាពិសេសការគ្រប់គ្រង ឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ១៩ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមការដឹកនាំដ៏ឈ្លៀសវៃ ប៉ិនប្រសប់ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងបានទទួលការកោតសរសើរ និងគាំទ្រពីអ្នកចូលរួមទាំងអស់ ព្រមទាំងធនាគារពិភពលោក៕