(សៀមរាប)៖ នារសៀលថ្ងៃទី១៦ ខែកញ្ញា ក្រុមប្រទេស CLMV មានកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម បានរៀបចំកិច្ចប្រជុំរួមមួយ ដែលដឹកនាំរដ្ឋមន្រ្តីឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម គឺលោក Kguyen Hong Dien។ កិច្ចប្រជុំផ្តោតលើកិច្ចពិភាក្សា និងរកដំណោះស្រាយដើម្បីឱ្យប្រទេសទាំង៤ មានសេដ្ឋកិច្ចរីកចម្រើនដូចបណ្ដាប្រទេសអាស៊ាន៦ទៀត។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃទី១៦ ខែកញ្ញា ថា ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីទាំងអស់បានកត់សម្គាល់ថា ដ្បិតប្រទេសទាំង៤មានការរីកចម្រើនក្នុងកម្រិតមួយទាបជាងប្រទេសចំនួន៦ទៀតក្ដី តែទំហំសេដ្ឋកិច្ចប្រទេសទាំង៤មានដល់ជាង ៧៤៨ពាន់លានដុល្លារក្នុងឆ្នាំ២០២១ គឺកើនឡើង២០ភាគរយធៀបនឹងឆ្នាំ២០២០។ ក្នុងនោះប្រទេសវៀតណាម មានទំហំទទួលវិនិយោគខ្ពស់ជាងគេ គឺ ១៥.៦ពាន់លានដុល្លារ។

ជាមួយគ្នានោះ រដ្ឋមន្រ្តីទាំងអស់បានជំរុញឱ្យមាការអនុវត្តផែនការសកម្មភាព CLMV ឆ្នាំ២០២១-២០២២។ ផែនការនេះបានលើកទឹកចិត្តឱ្យមានការរៀបចំពិព័រណ៍ ព្រឹត្តិការណ៍ផ្សេងៗ និងជំរុញវិនិយោគ និងពាណិជ្ជកម្មប្រទេសទាំង៤ ក៏ដូចជាផ្តល់នូវការកសាងបច្ចេកទេសលើបញ្ហាផ្សេងៗដូចជាប្រព័ន្ធធានានូវប្រព័ន្ធឥណទាន ការបណ្ដាក់ទុនជាដើម ដែលទាំងអស់នេះបានគាំទ្រពីបណ្ដាប្រទេសមួយចំនួន ដូចជាជប៉ុនជាដើម ដែលបង្ហាញការយកចិត្តទុកដាក់លើសហគ្រាសធុនតូច និងមធ្យម។

លោក ប៉ែន សុវិជាតិ លើកទៀតថា រដ្ឋមន្រ្តីទាំង៤បានដាក់ផែនការអនុវត្តសកម្មភាពបន្ត ២០២៣-២០២៤ ដោយផ្តោតលើវិស័យ៦ មានពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការវិនិយោគ ការជំរុញសេដ្ឋកិច្ចឌីជីថល ការអនុវត្តកិច្ចសន្យាទាំងឡាយ ដែលប្រទេសទាំងអស់បានសន្យានៅក្នុងតំបន់ ផែនការស្ដារឡើងវិញសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩ ពិសេសផែនការអនុវត្តក្របខណ្ឌអភិវឌ្ឍ CLMV និងការអភិវឌ្ឍធនធានមនុស្សម្រាប់ប្រទេសទាំងបួន។

ទន្ទឹមនឹងនេះ ក៏បានអនុម័តនូវផែនការសកម្មភាពក្នុងការជួយគ្នាទៅវិញទៅមក ធ្វើយ៉ាងណាសម្រេចបាននូវចក្ខុវិស័យ CLMV ឆ្នាំ២០៣០ ដែលប្រទេសទាំងអស់ មានបំណងប្រែខ្លួនពីប្រទេសមានចំណូលទាប ទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ដោយឡែកកម្ពុជាមានបំណងជំរុញខ្លួនឱ្យផុតពីឋានៈពីប្រទេសអភិវឌ្ឍន៍តិចតូច៕