(សៀមរាប)៖ កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងសាធារណរដ្ឋកូរ៉េ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ ដែលដឹកនាំដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោករដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យនៃកិច្ចរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី១៦ ខែកញ្ញានេះថា កិច្ចប្រជុំនោះប្រទេសអាស៊ានទាំង១០ សុទ្ធតែសម្លឹងឃើញទីផ្សារកូរ៉េ និងភាពជាដៃគូរបស់កូរ៉េជាមួយនឹងអាស៊ានថា មានសារសំខាន់បំផុត ដោយសារកំណើននៃទំនាក់ទំនងពាណិជ្ជកម្ម រវាងកូរ៉េ និងអាស៊ាន មានរហូតដល់១៨៩.៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ កើនចំនួន២២.៣% បើធៀបនឹងឆ្នាំ២០២០។ ចំណែកវិនិយោគរបស់កូរ៉េ មកអាស៊ានមានចំនួន៧ពាន់លានដុល្លារ។
ក្នុងន័យនេះភាគីទាំង២ បានវាយតម្លៃខ្ពស់នូវសារសំខាន់នៃទំនាក់ទំនង និងបានកត់សម្គាល់ថា ទោះបីជាមានវិបត្តិកូវីដ១៩ យ៉ាងណាក្តីក៏ភាគីទាំងពីរ ប្រឹងប្រែងបើកចំហរនូវទីផ្សារឡើងវិញ រវាងអាស៊ាន-កូរ៉េ តាមរយៈការប្រើប្រាស់វ៉ាក់សាំង ហើយភាគីកូរ៉េ ក៏បានផ្តល់វ៉ាក់សាំងដល់អាស៊ានផងដែរ។
អង្គប្រជុំបានពិនិត្យ និងវាយតម្លៃខ្ពស់ថា ប្រសិនជាគ្មានការប្រើប្រាស់វ៉ាក់សាំងទេ គឺពិតជាមិនអាចបើកចំហរទីផ្សារឡើងវិញ និងមិនអាចជំរុញនូវទំនាក់ទំនងសេដ្ឋកិច្ចដូចបច្ចុប្បន្ននោះទេ។
លោក ប៉ែន សុវិជាតិ បន្តថា កិច្ចប្រជុំក៏បានស្វាគមន៍ និងពិនិត្យឡើងវិញផងដែរ លើការអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ ដើម្បីពិនិត្យលើទំនាក់ទំនងពាណិជ្ជកម្មអាស៊ានកូរ៉េ ដែលរួមមានការបញ្ចុះតម្លៃពន្ធគយ លុបបំបាត់ទំនិញមិនមែនពន្ធ កិច្ចសម្រួលពាណិជ្ជកម្ម និងការងារមួយចំនួនទៀត ពាក់ព័ន្ធរបាំងមិនមែនពន្ធ។ ពិសេសនោះគឺការបើកចំហរឲ្យមានការពិនិត្យឡើងវិញ នូវទំនិញរសើប។
អង្គប្រជុំរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងរដ្ឋមន្ត្រីសេដ្ឋកិច្ចកូរ៉េ ក៏បានពិនិត្យផងដែរអំពីការប្រើប្រាស់បច្ចេកវិទ្យា ក្នុងនោះប្រទេសអាស៊ានចំនួន៥ បានជ្រើសរើសរួចមកហើយ នូវបច្ចេកវិទ្យារបស់កូរ៉េ រួមមាន ភូមា កម្ពុជា ឥណ្ឌូនេស៊ី ថៃ និងហ្វីលីពីន។
ជាមួយគ្នាអាស៊ាន-កូរ៉េ ក៏បានព្រមព្រៀងគ្នា ក្នុងការបង្កើតនូវមជ្ឈមណ្ឌលបច្ចេកវិទ្យាមួយ នៅពេលខាងមុខ ដើម្បីនាំមកនូវការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យា ក្នុងវិស័យឧស្សាហកម្ម និងការច្នៃប្រឌិតថ្មីផងដែរ។
អង្គប្រជុំក៏បានសម្លឹងឃើញភាពជាដៃគូអាជីវកម្ម រវាងអាស៊ាន និងកូរ៉េ ដោយជំរុញឲ្យមានគោលនយោបាយមួយ សម្រាប់ការជួយដល់សហគ្រាសធុនតូច និងមធ្យម ដែលជាអាជីវកម្មបង្កើតថ្មី ដើម្បីឲ្យអាជីវកម្មបង្កើតថ្មីទាំងនោះ មានលទ្ធភាពរីកដុះដាលឡើងប្រកបដោយសមធម៌៕