(សៀមរាប)៖ កិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្ដ្រីសេដ្ឋកិច្ចអាស៊ាន និងឥណ្ឌា ត្រូវបានរៀបឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ ដើម្បីជជែកពិភាក្សាទៅលើអ្វីដែលបានអនុវត្តកន្លងមក និងស្វែងរកនូវវិធានការថ្មី វិធីសាស្ត្រថ្មី និងរបៀបអភិវឌ្ឍន៍ថ្មី ដើម្បីឲ្យមានការរីកចម្រើនទាំងអស់គ្នាទាំងភាគីឥណ្ឌា និងភាគីបណ្ដាប្រទេសអាស៊ានទាំង១០។
នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខេត្តសៀមរាប បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ។
នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំទាំងមូលបានកត់សម្គាល់ពីទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាន និងឥណ្ឌា ចេះតែកើតឡើងជាលំដាប់ ពិសេសការងើបឡើងវិញនៃទំនាក់ទំនងនៃប្រទេសទាំងពីរ ក្រោយវិបត្តិកូវីដ១៩ ដែលមកទល់បច្ចុប្បន្ននេះឃើញថា មានការកើនឡើងរហូតទៅ ៣៩.២ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅ នៅក្នុងឆ្នាំ២០២១ មានកំណើនរហូតដល់៩១.៥ភាគរយ។
ទន្ទឹមនឹងនេះ រដ្ឋមន្ដ្រីសេដ្ឋកិច្ចអាស៊ាន និងឥណ្ឌា បានទទួលស្គាល់ថា ក្រោយពីកូវីដ១៩ វិបត្ដិសេដ្ឋកិច្ចនៅតែមាន ហើយយើងក៏ត្រៀមខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់ ដែលកើតឡើងចំពោះតំបន់ រួមទាំងពិភពលោកផងដែរ។
ភាគីទាំងពីរ បានសម្ដែងការចាប់អារម្មណ៍ព្រួយបារម្ភ ទៅលើបញ្ហាទាក់ទងនឹងភូមិសាស្ត្រនយោបាយ អំពីការខ្វះខាត អាហារសម្រាប់ពិភពលោក និងការកើនឡើងតម្លៃទំនិញប្រើប្រាស់ គឺអតិផរណាជាទូទៅ។
ទន្ទឹមគ្នានេះដែរ ជាការចាប់អារម្មណ៍បន្ថែមទៀត រដ្ឋមន្ដ្រីទាំងពីរក៏ដូចជារដ្ឋមន្ដ្រីអាស៊ានទាំងអស់ បានពិចារណាថា នៅក្រោយវិបត្តិកូវីដ១៩ ចាំបាច់ណាស់ត្រូវតែមានរបៀបអនុវត្តការងារ មួយជាក់លាក់ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយ ហើយភ្ជាប់ឡើងវិញ នូវទំនាក់ទំនងនៃការផ្គត់ផ្គង់។
អង្គប្រជុំបានសម្រេចគាំទ្រទាំងស្រុង ទៅលើការពិនិត្យឡើងវិញ ទំនាក់ទំនងពាណិជ្ជកម្មរវាងអាស៊ាន-ឥណ្ឌា ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ។
ដើម្បីឲ្យការអនុវត្តកិច្ចព្រមព្រៀងនេះ មានប្រសិទ្ធភាពគឺចាំបាច់ណាស់ ត្រូវបង្កើតនូវក្រុមការងារមួយ ដែលក្រុមការងារ និងតាមដានផ្ញៀងផ្ទាត់ដែលមានតំណាងពីប្រទេសទាំងអស់ រួមទាំងតំណាងពីខាងឥណ្ឌ ដើម្បីពិចារណារួមគ្នា ថាតើបញ្ហាណាដែលធ្វើឲ្យដោះស្រាយមិនបាន និងត្រូវតែជំរុញអនុវត្តឲ្យបានទាន់ពេលវេលា។
ទន្ទឹមនឹងនេះដែរ រដ្ឋមន្ដ្រីអាស៊ាន និងឥណ្ឌា បានស្វាគមន៍ឲ្យមានទំនាក់ទំនង និងសកម្មភាពកាន់តែខ្លាំងឡើង រវាងក្រុមប្រឹក្សាធុរកិច្ចអាស៊ានឥណ្ឌា ហើយជំរុញឲ្យក្រុមប្រឹក្សានេះ គិតគូរយ៉ាង យកចិត្តទុកដាក់ទៅលើការងើបឡើងវិញ នៃការរីកចម្រើនរបស់សហគ្រាសតូច និងមធ្យម និងសហគ្រាសមីក្រូរបស់ប្រទេសទាំង១១៕