(ភ្នំពេញ)៖ ករណីលោកគ្រូនាយកវិទ្យាល័យហ៊ុនសែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល វាយសិស្សស្រីម្នាក់ ហើយធ្វើឱ្យមានប្រតិកម្មរិះគន់ផង គាំទ្រផងពីសំណាក់មតិសាធារណៈនោះ ឥឡូវនេះភាគីសាលា និងភាគីអាណាព្យាបាលបានស្រុះស្រួលគ្នាវិញ ដោយភាគីទាំងសងខាងបានទទួលនូវកំហុស និងមានសំណូមពរពីគ្នាទៅវិញទៅមកប្រកបដោយសន្តិភាពវិធី។

គួរជម្រាបថា ប៉ុន្មានថ្ងៃកន្លងទៅនោះមានការចែកចាយវីដេអូលើបណ្តាញសង្គមពីសកម្មភាពរបស់នាយកវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ បានវាយសិស្សស្រី។ ករណីនេះបានធ្វើឱ្យមានការប្រតិកម្ម វែកញែក រិះគន់ផង គាំទ្រផងពីសំណាក់សាធារណមតិ ទើបនាំឱ្យមានការស្រាវជ្រាវពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្តិចថា «នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ គណៈគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន សេរីភាព ខេត្តកណ្ដាល បានជួបប្រជុំជាមួយអាណាព្យាបាលនិងសិស្សដែលពាក់ព័ន្ធ ដើម្បីសម្របសម្រួលស្រុះស្រួលគ្នាឡើងវិញ»

លោក រស់ សុវាចា បានបន្តថា កិច្ចសម្របសម្រួលខាងលើគឺទទួលបានផ្លែផ្កាយ៉ាងល្អប្រសើរដូចខាងក្រោម៖

ទី១៖ មេតាបិតាអាណាព្យាបាលបានទទួលស្គាល់នូវកំហុសរបស់កូនចៅរបស់ខ្លួន និងបញ្ឈប់ការខឹងសម្បាហើយក៏គ្មានបំណងប្ដឹងប្ដល់ទៅលើលោកនាយកនោះទេ។ មាតាបិតាអាណាព្យាបាលសិស្សបានសំណូមពរទៅលោកនាយក និងអ្នកសារព័ត៌មានមេត្តាបញ្ឈប់ចំពោះការចេញផ្សាយព័ត៌មានដែលមានចេតនាចោទប្រកាន់ថាសិស្សទាំងនោះខិលខូច ច្រលឺសបឺស ដែលនាំឱ្យសិស្សឬកូនចៅរបស់ពួកគាត់អាចបាក់ទឹកចិត្ត ប៉ះពាលដល់កិត្តិយសរបស់សិស្សជាដើម។

ទី២៖ មាតាបិតាអាណាព្យាបាលសិស្សស្នើកុំឱ្យមានការគុំគួនធ្វើបាបដោយចេតនា ឬអចេតនា និងដាក់បន្ទុកដល់សិស្ស។

ទី៣៖ លោកនាយកបានទទួលយកសំណូមពរ ដើម្បីកែលម្អ និងសុំការអធ្យាស្រ័យចំពោះទង្វើឆ្គាំឆ្គងរបស់ខ្លួនទៅលើសិស្ស៕