(ភ្នំពេញ)៖ រដ្ឋបាលព្រៃឈើ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មានមួយបញ្ជាក់ថា ដើមឈើដែលត្រូវបានឈូសឆាយ នៅតំបន់ភ្នំតាម៉ៅ មិនត្រូវបានយកទៅលក់ដូរនោះទេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាន។
កាលពីពេលថ្មីៗនេះ មានការចុះផ្សាយតាមបណ្ដាញព័ត៌មាន អំពីចម្ងល់ទាក់ទងការយកឈើប្រណីត ដែលបានមកពីធ្វើការឈូសឆាយនៅតំបន់ភ្នំតាម៉ៅ និងបានលក់ទៅណា។
រដ្ឋបាលព្រៃឈើបានឲ្យដឹងថា ស្ថានភាពទីតាំងដីឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» មានដើមឈើដាំ ដើមឈើដុះដោយធម្មជាតិ និងដើមឈើដុះដោយខ្នែងដូចជាប្រេងខ្យល់ អាកាស្យា ត្បែង ផ្ចិក សុក្រំជាដើម ដែលមានទំហំតូចៗស្ថិតនៅរាយបាយពុំមានឈើប្រណីត និងប្រភេទឈើដែលមានតម្លៃពាណិជ្ជកម្មឡើយ។
ដោយឡែក ដើមឈើនៅតំបន់ដែលបានឈូសឆាយរួច មានដើមឈើស្នែងស្ទើរតែទាំងស្រុង ហើយឈើដែលកាប់រួចទាំងនេះមិនបានយកទៅលក់ដូរនោះទេ ប៉ុន្តែមានប្រជាពលរដ្ឋដែលរស់នៅជុំវិញស្នើសុំយកទៅប្រើប្រាស់ជាអុស រីឯសំណល់សេសសល់បានសម្អាត និងបានកប់ទុកនៅទីតាំងផ្ទាល់ ដើម្បីសម្អាតទីធ្លាងាយស្រួល ក្នុងការដាំដុះឈើឡើងវិញ។ បច្ចុប្បន្ននេះ ការដាំកូនឈើឡើងវិញសម្រេចបាន១០០% រួមទាំងការជីកស្រះ និងអាងស្តុកទឹក អនុវត្តស្ទើរបានទាំងស្រុង លើសពីនេះតំបន់នេះ នឹងរៀបចំជាសួនភូតគាមស្រស់បំព្រងសម្រាប់បម្រើទេសចរណ៍នានាសម្រាកកម្សាន្ត និងមានរបងព័ទ្ធជុំវិញ។
រដ្ឋបាលព្រៃឈើអង្កេតឃើញថា នៅមានជនអគតិមួយចំនួននៅតែបន្តកេងប្រវ័ញ្ញ និងឆ្លៀតឱកាសយករឿងភ្នំតាម៉ៅ ដើម្បីចំណេញនយោបាយរបស់ពួកគេ។ រដ្ឋបាលព្រៃឈើក៏បានអញ្ជើញសាធារណជន ទៅពិនិត្យមើល និងសាកសួរប្រជាពលរដ្ឋ ដែលរស់នៅជុំវិញ និងក្រុមការងារដែលកំពុងរៀបចំសួនភូតគាម នៅទីតាំងផ្ទាល់៕