(ភ្នំពេញ)៖ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញនូវក្តីបារម្ភមួយចំនួន ជុំវិញវិញរបាយការណ៍ស្រាវជ្រាវមួយ ស្តីពី «មីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ ការអភិវឌ្ឍ បញ្ហាប្រឈម និងអនុសាសន៍នានា» ក្រោមការគាំទ្ររបស់ក្រសួងសហព័ន្ធអាល្លឺមង់ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (BMZ) បើទោះបីជាការសិក្សាមួយចំនួន បង្ហាញពីចំណុចវិជ្ជមាននៃកម្ចីរបស់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ធ្វើឱ្យជីវភាពប្រជាជនកម្ពុជាប្រសើរឡើងក៏ដោយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរួមគ្នារវាង សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានដកស្រង់ខ្លឹមសារនៃការសិក្សាស្រាវជ្រាវ ពីរបាយការនេះថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានចូលរួមចំណែកជាវិជ្ជមានធំធេង និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដែលជាអតិថិជនទទួលសេវាធនាគារ និងហិរញ្ញវត្ថុ មានភាពប្រសើរឡើង ជាពិសេសលើការបង្កើនប្រាក់ចំណូល និងកម្មសិទ្ធិដីធ្លី។

ក្នុងនោះការសិក្សាដដែលបានបញ្ជាក់ថា «អ្នកចូលរួមឆ្លើយសំណួរភាគច្រើនលើសលប់ បានទទួលផលល្អវិជ្ជមានពីកម្ចីនាពេលបច្ចុប្បន្ន។ ក្នុងនោះ គួរកត់សម្គាល់ «កំណើនប្រាក់ចំណូល» ជាចំណុចទី១ ដែលពួកគាត់បានលើកឡើងមុនគេ...»។ ជាងនេះទៅទៀត ការសិក្សាក៏បានបង្ហាញយ៉ាងច្បាស់ដែរថា៖ «អតិថិជនយល់ឃើញថា កម្ចីភាគច្រើនបានផ្តល់ផលវិជ្ជមានជាច្រើន និងយ៉ាងខ្លាំងសម្រាប់ពួកគាត់ ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់ចាត់ទុកថាទំនាក់ទំនងជារួម ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ក៏មិនមានទិដ្ឋភាពណាមួយជាបញ្ហាអ្វីនោះដែរ»

បន្ថែមពីលើផលវិជ្ជមានដែលបានលើកឡើង ការសិក្សានេះក៏បានអះអាងដែរថា ឥណទានស្ទើរតែមិនមែនជាហេតុផលចម្បង ដែលនាំឱ្យមានពលកម្មកុមារ ឬការធ្វើចំណាកស្រុកនោះទេ។ ផ្ទុយទៅវិញ អតិថិជនឥណទានភាគច្រើនទទួលផលវិជ្ជមានជាច្រើន រួមមានការកើនឡើងប្រាក់ចំណូល និងកម្មសិទ្ធិដីធ្លី ជាដើម។

តែយ៉ាងនេះក្តី សមាគមទាំងពីរបានបង្ហាញនូវក្តីបារម្មណ៍មួយចំនួន ដែលត្រូវបានលើកឡើងក្នុងរបាយការណ៍សិក្សានេះ ដោយសាតែការសិក្សា បានរកឃើញនូវករណីអវិជ្ជមានមួយចំនួនផងដែរ ទាក់ទងនឹងការវាយតម្លៃឥណទាន ការផ្សព្វផ្សាយយ៉ាងសម្បើម និងការលក់ដីធ្លីសម្រាប់សងឥណទានជាដើម។ ប៉ុន្តែចំពោះការលក់ដីធ្លីដែលរកឃើញ គឺមានប្រមាណ ១,២ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយអ្នកស្រាវជ្រាវបញ្ជាក់យ៉ាងច្បាស់ថា៖ «មិនមែនរាល់ការលក់ដីធ្លីទាំងនោះ សុទ្ធតែតំណាងឱ្យការក្ស័យធន់ផ្នែកសេដ្ឋកិច្ច និងសង្គមរបស់គ្រួសារគ្រួសារអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែមួយចំណែកពាក់ព័ន្ធនឹងការវិវត្តនៃតម្លៃដីធ្លីក្នុងប្រទេសកម្ពុជាផងដែរ»

សមាគមទាំងពីរ យល់ឃើញថា ព្រំដែននៃការសិក្សានេះ មិនបានឆ្លុះបញ្ជាំងរូបភាពទាំងស្រុងនៃវិស័យនេះឡើយទេ។ នេះអាចបណ្តាលមកពីការកំណត់និយមន័យខុសគ្នានូវពាក្យ «បំណុលច្រើនលើសលប់» ឬទៅលើទិដ្ឋភាពខុសគ្នានៃបរិបទវិស័យមីក្រូហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ជាដើម។

សេចក្តីប្រកាសព័ត៌មាន របស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបន្ថែមថា៖ «សមាគមទាំងពីរ ពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះស្ថាប័នមួយចំនួន ដែលបានផ្សព្វផ្សាយជាសាធារណៈក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ដោយផ្តោតសំខាន់តែលើទិដ្ឋភាពអវិជ្ជមាន ដោយមិនបានបង្ហាញនូវខ្លឹមសារសំខាន់រួមក្នុងរបាយការណ៍សិក្សា ដែលជាហេតុបណ្តាលឱ្យមានការភ័ណច្រឡំក្នុងចំណោមសាធារណៈមតិ»

សេចក្តីប្រកាសព័ត៌មាន ដដែលលើកឡើងទៀតថា «អ្វីដែលសំខាន់ជាងនេះទៅទៀត យើងខ្ញុំសូមធានានូវការប្តេជ្ញាចិត្តចំពោះការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ ដែលតែងតែជាបេសកកម្មស្នូលនៅក្នុងវិស័យហិរញ្ញវត្ថុទាំងមូល។ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងដៃគូពាក់ព័ន្ធនានា តែងតែបាននិងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការធានាឱ្យបាននូវការរីកចម្រើនវិស័យហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងការចូល រួមចំណែកជាវិជ្ជមានដល់អតិថិជនផងដែរ។ ភ័ស្តុតាងដែលមានស្រាប់ ដូចជាការដាក់ចេញនូវគោលការណ៍ផ្តល់ឥណទាន ក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ វគ្គបណ្តុះបណ្តាលប្រធានសាខាថ្នាក់ខេត្តនិងតំបន់ ស្តង់ដាររួមសម្រាប់កិច្ចសន្យាឥណទាន កម្មវិធីពង្រឹងសមត្ថភាពស្តីពីឥណទានប្រកបដោយទំនួលខុសត្រូវ ក៏ដូចជាការពង្រឹងសិទ្ធិអំណាចអតិថិជនតាមរយៈកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»។ 

បន្ថែមលើវិធានការណ៍ និងគំនិតផ្តួចផ្តើមខាងលើ សមាគមនឹងអញ្ជើញស្ថាប័នអន្តរជាតិ ឯករាជ្យមួយ ក្នុងការសិក្សាអោយបានស៊ីជម្រៅលើទិដ្ឋភាពរួមនៃវិស័យមីក្រូហិរញ្ញវត្ថុផងដែរ៕