(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហាញកាលបរិច្ឆេទ និងពេលវេលា សម្រាប់ប្រជាពលរដ្ឋអាចជិះរថភ្លើងទៅកាន់ស្រុកកំណើត ដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រសួងបានសហការជាមួយក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway) នឹងដាក់ដំណើរការខ្សែរថភ្លើងដោយមិនបង់ប្រាក់ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ខ្សែរថភ្លើងដែលដាក់ឲ្យជិះដោយមិនបង់ប្រាក់នេះ មានចំនួនពីរខ្សែ ក្នុងនោះខ្សែទី១៖ រាជធានីភ្នំពេញ-កំពង់ឆ្នាំង-ពោធិ៍សាត់-បាត់ដំបង និងខ្សែទី២៖ រាជធានីភ្នំពេញ-តាកែវ-កំពត-ព្រះសីហនុ។

សូមបញ្ជាក់ថា ចំពោះសំបុត្រសម្រាប់ការធ្វើដំណើរតាមរថភ្លើងទាំងពីរខ្សែនេះ នឹងចែកជូនដោយផ្ទាល់នៅស្ថានីយរាជាយស្ម័យយាន (ស្ថានីយរថភ្លើងភ្នំពេញ) និងនៅតាមស្ថានីយ នៃបណ្ដាខេត្ត រយៈពេល២ថ្ងៃមុន ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៧ល្ងាច៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់្រសួងសាធារណការ និងដឹកជញ្ជូន៖