(ប៉េកាំង)៖ នៅក្នុងដំណើរយាងបំពេញព្រះរាជទស្សនកិច្ច ទៅកាន់ប្រទេសចិន ដែលជាមិត្តភក្តិដ៏យូរលង់និង ស្និតស្នាលបំផុតរបស់ កម្ពុជានោះ សម្តេចព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុន្នី ទ្រង់ត្រូវបានទទួលស្វាគមន៍ ដោយប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងមន្ត្រីជាន់ខ្ពស់សំខាន់ៗ របស់ចិនដទៃៗទៀត ដែលទាំងនេះបានបង្ហាញពីការចង់បាននូវទំនាក់ទំនង កាន់តែស្អិតល្មួតបន្ថែមទៀត រវាងមហាមិត្តទាំងពីរ។ នេះបើតាមការចេញផ្សាយ ដោយស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមិថុនា ឆ្នាំ២០១៦។
នៅក្នុងជំនួបរវាងប្រមុខរដ្ឋទាំងពីរកាលពីរសៀលថ្ងៃសុក្រ លោក ស៊ី ជិនពីង បានថ្លែងទៅកាន់ ព្រះមហាក្សត្រកម្ពុជាថា ប្រទេសចិន បានធ្វើការវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព ជាមួយនឹងគ្រួសាររាជវង្សរបស់កម្ពុជា ហើយក៏នឹងបន្តការគាំទ្រដំណើរការអភិវឌ្ឍ ទៅមុខរបស់កម្ពុជាផងដែរ។
លោក ស៊ី ជិនពីង ថ្លែងដូច្នេះថា «កម្ពុជាជាអ្នកជិតខាងល្អ ដូចជាប្អូនប្រុសមួយដូច្នេះដែរ ហើយក៏ជាមិត្តល្អ ដែលប្រកបដោយភាព ស្មោះត្រង់ថែមទៀត»។
គួរបញ្ជាក់ថា ប្រទេសចិន និងកម្ពុជាក៏បានបង្ហាញការប្តេជ្ញាដូចគ្នាគឺការបន្តពង្រឹងនិងពង្រីក ទំនាក់ទំនងជាពិសេសរវាងថ្នាក់ដឹកនាំ រដ្ឋឆ្ពោះទៅរកការបង្កើន ទំនាក់ទំនងជាយុទ្ធសាស្ត្រ។ ព្រះរាជដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី០២-០៤ ខែមិថុនា ឆ្នាំ២០១៦ តបតាមការយាងរបស់ លោក ស៊ី ជិនពីង ប្រធានាធិបតីនៃប្រទេសចិន។
ព្រះករុណា នឹងយាងត្រឡប់មកវិញនៅរសៀលថ្ងៃទី០៤ ខែមិថុនា។ នៅក្នុងព្រះរាជសាររបស់ ព្រះមហាក្សត្របានបញ្ជាក់ថា នៅក្នុង ឱកាសអវត្តមាន របស់ព្រះករុណា ព្រះមហាក្សត្រ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ទទួលជួយការងាររបស់ ព្រះមហាក្សត្រ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា៕