(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ បានឯកភាពគ្នា ក្នុងការពន្លឿនដំឡើង និងបើកដំណើរការច្រកទ្វារព្រំដែនអន្ដរជាតិ ចំនួន៣ទៀត ដែលនៅសេសសល់ក្នុងនោះ មាននៅខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ និងខេត្តឧត្ដរមានជ័យ។
ការឯកភាពគ្នានេះ ធ្វើឡើងក្នុងជំនួបប្រជុំលើកទី៧ របស់អភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ ដែលកម្ពុជាដឹកនាំដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងភាគីថៃ ដឹកនាំដោយនាយឧត្ដមសេនីយ៍ អនុភុង ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ។ កិច្ចប្រជុំនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូ។
ច្រកទ្វារព្រំដែនអន្ដរជាតិចំនួន៣ ដែលបានឯកភាពគ្នាក្នុងការពន្លឿនតម្លើង និងបើកដំណើរការនោះ រួមមាន៖
*ទី១៖ ច្រកទ្វារព្រំដែន អានសេះ (ខេត្តព្រះវិហារ)-អានម៉ា (ខេត្តឧប៊ុនរាជធានី)
*ទី២៖ ច្រកទ្វារព្រំដែនថ្មដា (ខេត្តពោធិ៍សាត់)-បានថាសែន (ខេត្តត្រាត)
*ទី៣៖ ច្រកទ្វារព្រំដែនជប់គគីរ (ខេត្តឧត្តរមានជ័យ)-សាយតាតូ (ខេត្តបុរីរ៉ាំ)។
បន្ថែមពីនេះ ភាគីទាំងពីរក៏បានលើកទឹកចិត្តឲ្យស្ថាប័នពាក់ព័ន្ធ សហការឲ្យបានជិតស្និទ្ធដើម្បីឈានទៅបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ (ខេត្តបន្ទាយមានជ័យ)-បានណងអៀន (ខេត្តស្រះកែវ) ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ក្នុងនោះ ភាគីកម្ពុជា-ថៃ ក៏បានយល់ព្រមពិនិត្យលទ្ធភាព ក្នុងការដំឡើងកម្រិតច្រកទ្វារព្រំដែនឆករកា (ខេត្តបាត់ដំបង)-បានម៉ាក់មួង (ខេត្តត្រាត) ទៅជាច្រកទ្វារព្រំដែនអន្តរជាតិ។ ជាងនេះទៅទៀត ភាគីទាំងពីរបានលើកទឹកចិត្តអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ឲ្យធ្វើការវាស់វែងលម្អិតនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ និងភូមិណនម៉ាក់មួន ខេត្តស្រះកែវ ដើម្បីបង្កើតច្រកទ្វារតំបន់ព្រំដែនថ្មីមួយទៀតផងដែរ៕