(សៀមរាប)៖ សមាគមទេសចរណ៍កម្ពុជា CATA ចែកវិញ្ញាបនបត្របញ្ចប់វគ្គបណ្ដុះបណ្ដាលពង្រឹងជំនាញទេសចរណ៍ ដល់សិក្ខាកាមចំនួន៣៥០នាក់ រយៈពេល២០ថ្ងៃ នៅខេត្តសៀមរាប។ ក្នុងនោះដែរ មគ្គុទ្ទេសក៍ទេសចរណ៍ចំនួន៧៥នាក់ ទីភ្នាក់ងារទេសចរណ៍ចំនួន៥០នាក និងផ្នែកបដិសណ្ឋារកិច្ចចំនួន២២៥នាក់។
ក្នុងឱកាសវិញ្ញាបនបត្របញ្ចប់វគ្គបណ្ដុះបណ្ដាលពង្រឹងឡើងវិញ នូវជំនាញទេសចរណ៍ដល់សិក្ខាកាម នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា CATA បានលើកឡើងថា លោកស្រីចង់ឱ្យអ្នកដែលផ្តល់សេវាកម្មទេសចរណ៍ទាំងអស់ ត្រូវផ្តល់ភាពញញឹមរាក់ទាក់ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរ ឱ្យមកកម្សាន្តប្រទេសកម្ពុជាកាន់តែច្រើនឡើង។
ចំពោះការញញឹមនេះដែរ ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ ក៏មានទស្សនាវដ្តីដ៏ល្បីមួយនៅអឺរ៉ុបបានធ្វើការស្ទង់មតិ ថាតើពលរដ្ឋប្រទេសណា ដែលមានភាពរួសរាយរាក់ទាក់ជាងគេ ហើយភ្ញៀវទេសចរដែលធ្លាប់បានមកកម្ពុជា បានបោះឆ្នោតឱ្យប្រទេសកម្ពុជា ជាប់ជាប្រទេសដែលមានភាពរួសរាយរាក់ទាក់ជាងគេ។ ដោយខេត្តសៀមរាបជាសសរមួយក្នុងវិស័យទេសចរណ៍របស់កម្ពុជា ដែលល្បីល្បាញទាំងអង្គរវត្តនោះទេ ហើយចំពោះការបដិសណ្ឋារកិច្ច ក៏ល្បីល្បាញទៀតដែរ ដោយការផ្គត់ផ្គង់វិស័យទេសចរណ៍របស់យើងមានច្រើងក្នុងមួយឆ្នាំរាប់លាននាក់។ ហេតុនេះហើយបានធ្វើឱ្យមានការសំណូមពរពីប្រទេសផ្សេងៗ ដូចជាប្រទេសឌូបៃ និងកោះខ្លះដែលនៅឆ្ងាយៗ ដែលទើបតែទទួលទេសចរណ៍ ហើយមានភ្ញៀវទេសចរច្រើន បានមកយកធនធានមនុស្សពីប្រទេសយើង ហើយជាពិសេសនោះគឺខេត្តសៀមរាប ឱ្យទៅបំរើការនៅប្រទេសរបស់គេ។
ទន្ទឹមនឹងនោះដែរ លោកស្រីបានបន្តថា ពិធីបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលពង្រឹងឡើងវិញនូវជំនាញទេសចរណ៍រយៈពេល២០ថ្ងៃនេះ មិនច្រើនហើយក៏មិនតិចដែរ ព្រោះថាយើងមិនម៉ែនអ្នកថ្មីនោះទេ ដោយយើងធ្លាប់ធ្វើកិច្ចការ និងបំពេញកិច្ចការនឹងរួចមកហើយ។
បន្ទាប់ពីទទួលរងនូវវិបត្តិបានធ្វើឱ្យយើងចាកចេញពីវិស័យនេះ ដើម្បីរកមុខរបរផ្សេងគ្រាន់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ ហើយនៅពេលត្រឡប់មកប្រឡូកក្នុងវិស័យទេសចរណ៍វិញ ធ្វើឱ្យយើងមានការភ្លេចភ្លាំងនៅចន្លោះខ្លះ ដែលធ្វើឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះសេវាកម្មទេសចរណ៍ ក្នុងខេត្តសៀមរាប ហេតុនេះហើយទើបសមាគមទេសចរណ៍កម្ពុជា CATA បើកវគ្គបណ្ដុះបណ្ដាល ដើម្បីពង្រឹងឡើងវិញនូវជំនាញដែលមានស្រាប់ដល់មគ្គុទ្ទេសក៍ទេសចរណ៍ បុគ្គលិកទីភ្នាក់ងារទេសចរណ៍ និងផ្នែកបដិសណ្ឋារកិច្ចនៅខេត្តសៀមរាបនាពេលនេះផងដែរ។
ជាមួយនេះដែរលោក ហឿន យ៉ន ដែលជាសិក្ខាកាមផ្នែកចុងភៅ បានលើកថា វគ្គសិក្សានេះមានសារៈសំខាន់ណាស់សម្រាប់វិស័យទេសចរណ៍ ដោយលោកគ្រូបានរំលឹក និងណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តក្នុងការអនាម័យ សម្ភារៈដែលបានប្រើប្រាស់ និងកន្លែងដែលធ្វើការឲ្យមានផាសុខភាព ដើម្បីជាការទាក់ទាញដល់ទេសចរណ៍។
ចំណែក កញ្ញា ភរ័ នីតា ដែលជាសិក្ខាកាមផ្នែកបដិសណ្ឋារកិច្ច បានថ្លែងអំណរដល់សមាគមទេសចរណ៍កម្ពុជា CATA ដែលបើកវគ្គបណ្ដុះបណ្ដាលពង្រឹងឡើងវិញ នូវជំនាញទេសចរណ៍ដល់សិក្ខាកាម ដើម្បីជាការដាស់តឿន ដល់អ្នកដែលប្រកបការងារទាក់ទង និងវិស័យទេសចរណ៍ទាំងអស់ ឲ្យត្រៀមខ្លួន ដើម្បីទទួលស្វាគមន៍ទេសចរ បន្ទាប់ពីបន្ទាប់ពីមានការរាំងស្ទះដោយជំងឺកូវីដរយៈពេល ២ឆ្នាំកន្លងមក ហើយវគ្គនេះ បានធ្វើឱ្យកញ្ញាចេះកាន់ច្រើន ក្នុងការបដិសណ្ឋារកិច្ចភ្ញៀវទេសចរណ៍ផងដែរ៕