(ព្រះវិហារ)៖ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក កើត ឆែ អភិបាលរងរាជធានី តំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញទៅជួបសំណេះសំណាលសួរសុខទុក្ខកងទ័ព នគរបាលដែលឈរជើងការពារព្រំដែននៃកងពលធំអន្តរាគមន៍លេខ៣ ទិសប្រាសាទព្រះវិហារ និងនៅខេត្តស្ទឹងត្រែង ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅប្រគល់ជូនកងទ័ព និងគ្រួសារកងទ័ពផងដែរ។
លោកឧត្តមសេនីយ៍ ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានថ្លែងថា ទោះបីស្ថានការណ៍នៅតាមបណ្តោយព្រំដែន មានសភាពស្ងប់ស្ងាត់ និងកំពុងបានប្រែក្លាយជាព្រំដែនសន្តិភាព និងអភិវឌ្ឍន៍ជាមួយប្រទេសជិត ខាងក្តី តែកងទ័ពយើងមិនបានធ្វេសប្រហែស និងមើលស្រាលសភាពការណ៍នោះឡើយ។ យើងតែងបានពង្រឹងស្មារតី ការពារបូរណៈភាពទឹកដី មិនឲ្យសត្រូវណាម មករំលោភបំពានបានឡើយ និងត្រៀមខ្លួនអនុវត្តបទបញ្ជា របស់រាជរដ្ឋាភិបាល ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ហើយប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ពីក្រុមជនអគតិណាមួយ។
លោកឧត្តមសេនីយ៍ស្រី ឌឹក ថ្លែងទៀតថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខ នៃរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាការជួយឧបត្ថម្តគាំទ្រពីរដ្ឋបាលរាជធានីភ្នំពេញ ដែលជាអង្គភាពសម្ពន្ធ័ភាពបានធ្វើឲ្យជីវភាព កងទ័ព និងគ្រួសារកងទ័ព កាន់តែមានភាពល្អប្រសើរ។ យើងបានកសាងផ្លូវជាច្រើនខ្សែទៅកាន់តំបន់ព្រំដែន ដែលពីមុនសូម្បីតែដើរក៏ពិបាកផង ប៉ុន្តែពេលនេះយើងអាចធ្វើដំណើរដោយរថយន្តយ៉ាងរលូន។ ប្រពន្ធ័ទឹកស្អាតដែលជួបការលំបាកកាលពីពេលមុន ឥឡូវនេះយើងមានទឹកប្រើប្រាស់ឡើងទៅដល់បន្ទាត់ព្រំដែនតែម្តង។
លោក កើត ឆែ បានថ្លែងអំណរគុណដល់សន្តិភាព ដែលមានតម្លៃមហាសាល ដូច្នេះយើងទាំងអស់គ្នា ត្រូវតែខិតខំថែទាំការពារសន្តិភាពនេះ ឲ្យបានគង់វង់ថិតថេរហើយដើម្បីការពារសន្តិភាពបានយូអង្វែង យើងទាំងអស់គ្នា ត្រូវគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សំរាប់អណត្តិទី៧ និងអណត្តិក្រោយៗទៀត និងគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នាពេលអនាគត ដើម្បីប្រទេសជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍន៍តកូនចៅរៀងរហូត។
ជាមួយគ្នានេះ លោកអភិបាលរងរាជធានី ក៏បានណែនាំការសាកសួរសុខទុក្ខ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ឃួង ស្រេង ជូនកងទ័ព និងនគរបាលការពារព្រំដែន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ឃ្លាតឆ្ងាយពីប្រពន្ធកូន ពីគ្រួសារហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុការពារ បូរណភាពទឹកដី និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។
លោក កើត ឆែ បន្តថា ក្រោមការដឹកនាំរបស់ស្ថានិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន បានលះបង់ ប្រាជ្ញាស្មារតី និងអាយុជីវិតក្នុងបុព្វហេតុរំដោះជាតិ មាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងស្វែងរកសន្តិភាព ជូនប្រទេសជាតិ និងប្រជាជន តាមនយោបាយឈ្នះឈ្នះ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ។
លោក កើត ឆែ ឲ្យដឹងទៀតថា ដោយសារតម្លៃនៃសន្តិភាពនេះហើយ ទើបធ្វើឲ្យរាជធានីភ្នំពេញ ក៏ដូចនៅទូទាំងប្រទេស មានការអភិវឌ្ឍន៍រីកចំរើន គឺសមរភូមិមុខ ជាអ្នកការពារ ឯសមរភូមិក្រោយជាអ្នកអភិវឌ្ឍន៍ ហើយរាជធានី ភ្នំពេញ នៅតែបន្តជួយឧបត្ថម្ភដល់បណ្តាកងឯកភាពឈរជើងការពារព្រំដែនទិសប្រាសាទព្រះវិហារ ជាបន្តទៅទៀត។
សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ គិតមកដល់ពេលនេះ បានបង្កើតអនុស្សារណៈ ស្តីពីការចងសម្ពន្ធ័មេត្រីភាពជាមួយអង្គភាពជួរមុខចំនួន២គឺ៖កងពលធំអន្តរាគមន៍លេខ៣ ក្នុងខេត្តព្រះវិហារ និងទី២កងពលតូចអន្តរាគមន៍លេខ១២៨ ចំណុះយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង ក្នុងស្មារតីសាមគ្គីភាព រវាងសមរភូមិក្រោយ និងសមរភូមិមុខ ក៏ដូចពង្រឹងវប្បធម៌ចែករំលែកផងដែរ។
ចំពោះអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត តាមរយៈលោក ឃួង ស្រេង ដែលត្រូវបាននាំយកទៅជូនកងទ័ព នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ រួមមាន៖ សំរាប់កងពលធំអន្តរាគមន៍ លេខ៣ ចំនួន២០លានរៀល, មេបញ្ជាការកងពលមួយរូបចំនួន៤០ម៉ឺនរៀល មេបញ្ជាការងកងពល២០រូប ក្នុងម្នាក់ៗ ថវិកា ២០ម៉ឺនរៀល, នាយសេនាធិការ នាយសេនាធិការរង ការិយាល័យ មេបញ្ជាការង វរសេនាតូច មេបញ្ជាការ មេបញ្ជាការរង កងអនុសេនាធំ កងអនុសេនាតូច ៤៧៦នាក់ ក្នុងម្នាក់ថវិការ១០ម៉ឺនរៀល ព្រមទាំងនាយទាហាន ពលទាហាន ថវិកាក្នុងម្នាក់៥ម៉ឺនរៀល។ សំភារៈ និងគ្រឿងឧបភោគរួមមាន៖ ប្រេងម៉ាស៊ូត ៦ពាន់លីត្រ, មី ៣០០កេស, ទឹកបរិសុទ្ធ ១០០កេស, ទឹកស៊ីអ៊ីវ ២០០យួរ, ប្រេងឆា ១០០កេស, ត្រីខកំប៉ុង ១០០កេស, រថយន្តសង្រ្គោះ ចំនួន១គ្រឿង។
កងពលតូចអន្តរាគមន៍លេខ៩ សំរាប់កងពល ២០លានរៀល និងផ្តល់ថវិការដល់នាយទាហាន និងពលទាហានជាច្រើនរយនាក់ទៀត។ ជាមួយគ្នានេះក៏បានផ្តល់សំភារៈ និងគ្រឿងឧបភោគ បរិភោគ មាន៖ ប្រេងម៉ាស៊ូត ៦ពាន់លីត្រ, មី៥០០កេស, ទឹកសុទ្ធ៣០០កេស, ទឹកស៊ីអ៊ីវ៦០០យួរ, ប្រេងឆា ១៦០កេស, ត្រីខ ១៦០កេស, ឧបត្ថម្ភរៀបចំប្រព័ន្ធបណ្តាញបូមទឹកនៅចំណុចខ្ពស់ជួរមុខ តំបន់មុំ៣ ចំនួន ២ម៉ឺន២ពាន់៩រយ២៥ដុល្លារ៕