(សៀមរាប)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នារសៀលថ្ងៃទី ១៦ខែកញ្ញា ឆ្នាំ ២០២២នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Nobutani Kazushige ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នៅខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា។

អ្នកឧកញ៉ាប្រធាន មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានគណៈប្រតិភូជប៉ុន និង កិច្ចសហការយ៉ាងជិតស្និទ្ធរវាងសភាពាណិជ្ជកម្មកម្ពុជា និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុននាពេលកន្លងមក និងបន្តពង្រឹងកិច្ចសហការឱ្យកាន់តែប្រសើរឡើង។

ស្ថាប័នទាំងពីរបានចុះអនុស្សារណៈយោគយល់គ្នា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ ក្នុងគោលបំណងសហការលើកម្ពស់វិស័យឯកជន ក្នុងការជំរុញធុរកិច្ចនិងវិនិយោគ និងគាំទ្រកិច្ចសហប្រតិបត្តិការកម្រិតតំបន់ ក្នុងក្របខណ្ឌក្រុមប្រឹក្សារពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត។

អ្នកឧកញ៉ាប្រធាន បានជម្រាបជូនគណៈប្រតិជប៉ុនអំពីការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់ក្នុងតំបន់ដែលនឹងមានការចូលរួមពីថ្នាក់ដឹកនាំអាស៊ាន ថ្នាក់ដឹកនាំប្រទេសដៃគូអាស៊ាន ថ្នាក់ដឹកនាំអង្គការអន្តរជាតិ និងក្រុមហ៊ុនធំៗនៅទូទាំងពិភពលោក។ កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន។ អ្នកឧកញ៉ាប្រធាន បានលើកឡើងអំពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកំណើននៃការវិនិយោគដោយផ្ទាល់ពីបរទស។

ក្នុងន័យនេះ អ្នកឧកញ៉ាប្រធាន បានជំរុញការវិនិយោគបន្ថែមមកកម្ពុជា និងស្នើលោកប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ជួយជំរុញឲ្យមានការហោះហើរត្រង់ឡើងវិញពីជប៉ុនមកកម្ពុជា ដើម្បីលើកកម្ពស់ទេសចរណ៍ ក៏ដូចជា ការវិនិយោគរវាងប្រទេសទាំងពីរ។ អ្នកឧកញ៉ា បានថ្លែងអំណរគុណចំពោះ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនដែលបានជួយសម្របសម្រួល និងគាំទ្រឧបត្ថម្ភដល់កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំនេះ។

លោក Nobutani Kazushige បានថ្លែអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានទទួលជួបពិភាក្សាជាមួយ គណៈប្រតិភូជប៉ុន និងគាំទ្រចំពោះការលើកឡើងរបស់ អ្នកឧកញ៉ាប្រធាន ក្នុងការជំរុញធុរកិច្ចនិងវិនិយោគរវាងកម្ពុជា និងជប៉ុន និងក្នុងតំបន់អាស៊ានទាំងមូល។

លោកប្រធាន បានកត់សម្គាល់អំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងសាទរចំពោះច្បាប់វិនិយោគថ្មីដែលមានការលើកទឹកចិត្តខ្ពស់ចំពោះអ្នកវិនិយោគ។ ចំពោះការហោះហើរត្រង់មកកម្ពុជា លោកប្រធាននឹងយកសំណើទៅពិភាក្សា ជាមួយភាគីពាក់ព័ន្ធដើម្បីជំរុញ ឲ្យមានការហោះហើរត្រង់ពីកម្ពុជាទៅជប៉ុនឡើងវិញ។

កិច្ចពិភាក្សាបានបញ្ចប់ដោយទទួលបានលទ្ធផលជាផ្លែផ្កា និងបានឯកភាពជាគោលការណ៍ ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ៕