(ភ្នំពេញ)៖ វេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ "ភាពជាដៃគូអាស៊ាន" ឆ្នាំ ២០២២ ត្រូវបានប្រារព្ធឡើង កាលពីថ្ងៃទី១៥ កញ្ញា។ អ្នកវិភាគនៅកម្ពុជាវាយតម្លៃខ្ពស់ថា វេទិកានេះគឺជាកាទូតសាធារណៈ ធ្វើឱ្យទំនាក់ទំនងចិនអាស៊ាន កាន់តែល្អប្រសើរឡើង។
ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានអញ្ជើញចូលរួមវេទិកានេះដែរ បានមានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា ជាការកត់សម្គាល់ ឯកឧត្តមវាយតម្លៃបានថា វេទិកានេះពិតជាមានសារៈសំខាន់ ដែលជំរុញឲ្យមានការយល់គ្នា កាន់តែប្រសើរឡើង ដែលជាផ្នែកមួយនៃកាទូតសាធារណៈ ក្នុងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។
ឯកឧត្តមពន្យល់បន្តថា នៅពេលដែលអ្នកសារព័ត៌មានអាចយល់ពីគ្នាទៅវិញទៅមក ហើយអាចនាំមកនូវព័ត៌មានពិត នូវព័ត៌មានដែលផ្អែកលើមូលដ្ឋានភស្តុតាងវិទ្យាសាស្ត្រ ភស្តុតាង ហេតុការណ៍ អង្គហេតុគ្រប់គ្រាន់នោះ គឺប្រជាពលរដ្ឋទាំងអាស៊ាននិងចិនអាចទទួលបានព័ត៌មានពិត ហើយនៅពេលដែលប្រជាពលរដ្ឋទទួលបានព័ត៌មានពិត នោះរូបភាពដែលមើលចំពោះទំនាក់ទំនង រវាងអាស៊ាននិងចិន ក៏មានភាពត្រឹមត្រូវប្រកបដោយវិចារណញ្ញាណ និងមនសិការគ្រប់គ្រាន់ ។
«យើងដឹងហើយថា ប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីសំខាន់ណាស់ សម្រាប់លើកកម្ពស់ទំនាក់ទំនងរវាងប្រទេសនិងប្រទេស រវាងប្រទេសនិងអង្គការ តំបន់ផ្សេងទៀត ដូច្នេះ ខ្ញុំគិតថា វេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ «ភាពជាដៃគូអាស៊ាន» ឆ្នាំ ២០២២ នេះ ពិតជារួមចំណែកយ៉ាងសំខាន់ សម្រាប់ធ្វើឲ្យកាន់តែប្រសើរឡើងនូវទំនាក់ទំនង រវាងអាស៊ាននិងចិន»។
គួរបញ្ជាក់ថា វេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ "ភាពជាដៃគូអាស៊ាន" ឆ្នាំ ២០២២មានការអញ្ជើញអគ្គលេខាធិការដ្ឋានអាស៊ាន មន្ត្រីរដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ាន អង្គទូតប្រចាំនៅប្រទេសចិន និងអ្នកទទួលខុសត្រូវប្រព័ន្ធផ្សព្វផ្សាយធំៗ មកចូលរួមក្នុងកម្មវិធីផ្សេងៗ ដោយមានឡើងថ្លែងសុន្ទរកថាគន្លឹះ ពិភាក្សាប្រធានបទសំខាន់ៗ និងប្រកាសពីសមិទ្ធផលកិច្ចសហប្រតិបត្តិការវិស័យប្រព័ន្ធផ្សព្វផ្សាយផងដែរ ក្នុងគោលបំណងជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយផ្ដល់សេវាកម្មជូនវឌ្ឍនភាពកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បន្តបង្កើនការស្វែងយល់ និងជំនឿចិត្តរវាងប្រជាជននៃភាគីទាំងពីរ ផ្ដល់ភាពវ័យឆ្លាតនៃប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធ្វើឱ្យទំនាក់ទំនងចិនអាស៊ានកាន់តែស៊ីជម្រៅ៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)