(ម៉ាឡេស៊ី)៖ នៅខណៈពេលនេះ វេលាម៉ោង១០៖០០នាទីព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានដឹកនាំគណៈប្រតិភូត្រឡប់មកដល់កម្ពុជាប្រកបដោយសុវត្ថិភាពវិញហើយ បន្ទាប់ពីបំពេញការងារ ដើម្បីរឹតចំណងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា ជាមួយម៉ាឡេស៊ីរយៈពេលពីថ្ងៃទី០១-០៤ ខែមិថុនា ឆ្នាំ២០១៦។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមរយៈ Facebookថា ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូក៏ បាននាំមកជាមួយនូវតួនាទីជាម្ចាស់ផ្ទះ នៃវេទិការសេដ្ឋកិច្ចពិភពលោក ដែលនឹងប្រព្រឹត្តិទៅនៅឆ្នាំ២០១៧ នៅទីក្រុងភ្នំពេញ ដែលនេះជាមោទនភាពជាតិយើងទាំងអស់គ្នា។ ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន លើកឡើងបែបនិយាយលេងថា ការធ្វើទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ីលើកនេះ សម្តេចមិនសូវហត់ទេ ព្រោះបានប្រពន្ធសំឡាញ់មកជាមួយ។
គួរបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់ដែលអមដំណើរសម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសម៉ាឡេស៊ី រួមមាន លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស, លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងការសាធារណការ រួមទាំងថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលមួយចំនួនទៀត៕