(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ បានកសាងអគារសិក្សាថ្មី១ខ្នងកម្ពស់២ជាន់ និង១២បន្ទប់ ព្រមទាំងសាងសង់បណ្ណាល័យ១ខ្នង ជូនដល់វិទ្យាល័យ ជា ស៊ីម កំពង់ថ្ម ស្ថិតនៅឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

អគារសិក្សាថ្មី និងអគារបណ្ណាល័យ ជាអំណោយរបស់លោក ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណាជាចាន់តូ រួមនឹងសប្បុរសជន។ ការផ្ដល់ជូននេះធ្វើឡើង ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ-អ្នកគ្រូ និងសិស្សថ្នាក់ទី១២ ចំនួន២៧៦នាក់ ក្នុងវិទ្យាល័យជាកំពង់ថ្មនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។

ការផ្ដល់ជូននេះធ្វើឡើងបន្ទាប់ពី ពិនិត្យឃើញពីតម្រូវការ និងការខ្វះខាត់ថ្នាក់រៀននៅឆ្នាំសិក្សាថ្មី របស់សិស្សានុសិស្សវិទ្យាល័យកំពង់ថ្ម។

លោក ជា ចាន់តូ បានថ្លែងថា បច្ចុប្បន្នយុវជនបានដើរតួនាទី និងមានសារសំខាន់បំផុតរបស់ប្រទេសជាតិ ព្រោះយុវជនជាកម្លាំងបន្តវេន ជាធនធានមនុស្សយ៉ាងសំខាន់ ប្រកបដោយសក្ដានុពល សម្រាប់អភិវឌ្ឍប្រទេសជាតិ បើប្រទេសជាតិមួយសម្បូរ ដោយធនធានមនុស្សល្អគួបផ្សំ នឹងស្ថេរភាពនយោបាយប្រទេសជាតិ នោះនឹងមានការអភិវឌ្ឍរីកចម្រើនជាមិនខាន។

លោកបានបន្ដថា «យុវជនកម្ពុជានាយុគសម័យនេះខិតខំរៀនសូត្រ និងអភិវឌ្ឍខ្លួនបានល្អប្រកបដោយចំណេះដឹង ទាំងនេះអាស្រ័យដោយសង្គមជាតិមានសុខសន្តិភាព និងមាននស្ថេរភាពនយោបាយល្អ ជាទ្រព្យដ៏មហាសាលដែលផ្ដល់ឱកាស ឲ្យយុវជនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការសម្រេចចិត្តរៀបចំអនាគតខ្លួន សម្រាប់ចូលរួមអភិវឌ្ឍប្រទេស»

លោកបានបន្ថែមថា ក្នុងបរិបទនេះយុវជនត្រូវចាំថា ធ្វើកិច្ចសហប្រតបត្តិការផង និងប្រកួតប្រជែងផង ដូចនេះក្នុងនាមជាអ្នកបន្តវេនត្រូវតែមានសមត្ថភាព និងមានវិន័យល្អ ដើម្បីឲ្យទួទលបានលទ្ធផលប្រកបដោយផ្លែផ្កានៅថ្ងៃអនាគ សិស្សម្នាក់ៗមានការប្រឹងប្រែងតស៊ូ និងមានសេចក្ដីអំណត់នៅក្នុងការរៀនសូត្រ។

លោកបានបញ្ជាក់ថា កត្តាជួយឲ្យសម្រេចលទ្ធផលកាន់តែល្អសិស្សម្នាក់ៗត្រូវចងចាំ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអង្គទាំង៤ រួមមាន៖ សុ. ចិ. បុ. លិ ត្រង់ត្រាប់ស្ដាប់ ,ចេះកត់ត្រា,ចេះឆ្ងល់និងចេះសួរ។

លោក ជា ចាន់តូ បានផ្ដល់សម្ភារះសិក្សា និងថវិកាជូនដល់លោកគ្រូអ្នកគ្រូ សិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២ទាំង២៧៦នាក់ ព្រមទាំងបានផ្ដល់ថវិកាសម្រាប់ឧបត្ថម្ភដល់គ្រូ ជួយបង្រៀនបំប៉នរយៈ២ខែ ដល់សិស្សត្រូវប្រឡងផងដែរ៕