(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បន្តជួយចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញលើផលិតផលរបស់កម្ពុជាបន្ថែមទៀត ដើម្បីរក្សាគុណតម្លៃផលិតផលរបស់កម្ពុជា។

សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

រហូតមកដល់ពេលនេះ ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ មានសក្តានុពលចំនួន០៤ រួមមាន៖ «ម្រេចកំពត» «ស្ករត្នោតកំពង់ស្ពឺ» «ក្រូចថ្លុងកោះទ្រង់» និង «ទឹកឃ្មុំព្រៃមណ្ឌលគិរី»។ ក្រសួង ក៏គ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបន្ថែមទៀត រួមមាន៖ «អំបិល និងផ្កាអំបិលកំពត» «បង្កងតាកែវ» និង «ទឹកត្រីកំពត»

ក្រៅពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្រសួង ក៏បានចុះបញ្ជីម៉ាកសមូហភាពលើទំនិញចំនួន ០៣ប្រភេទផងដែរ រួមមាន៖ «គុយទាវភ្នំពេញ» «អំបុកកំពង់ធំ» និង «អង្ករព្រះវិហារ»។ ក្រសួង ក៏បាននិងកំពុងរៀបចំចុះបញ្ជីម៉ាកសមូហភាពលើទំនិញមួយចំនួនទៀតរួមមាន៖ «ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល» «ក្រូចពោធិ៍សាត់» «នំបញ្ចុកសៀមរាប» និង «ដូងខ្ទិះបាត់ដំបង»

ទន្ទឹមនឹងនេះ ក្រសួងបានកំណត់ផលិតផលសក្តានុពលជាច្រើន ដូចជា៖ «អង្ករបាត់ដំបង» «អង្ករកំពង់ស្ពឺ» «អង្ករនាងអំ» «អង្ករស្មាច់ស្វាយរៀង» «ក្តាមកោះកុង» «ស្វាយចន្ទីកំពង់ធំ» «សូត្រភ្នំស្រុក» «ប្រហុកសៀមរាប»។ល។ នៅក្នុងផែនការសកម្មភាពការងារ ស្របតាមយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា២០១៩-២០២៣ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងវិស័យកសិកម្មកម្ពុជាក្នុងទីផ្សារអន្តរជាតិ តាមការកសាងកេរ្តិ៍ឈ្មោះជា «ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ» «ម៉ាកសមូហភាព» និង «ម៉ាកវិញ្ញាតកម្ម» ក្នុងគោលបំណងបញ្ជាក់អំពី អត្តសញ្ញាណនៃប្រភពដើមផលិតកម្មបំពាក់លើផលិតផលដែលដាក់លក់នៅលើទីផ្សារ។

ការធ្វើបែបនេះ វាមិនត្រឹមតែផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់និងពង្រីកទីផ្សារក្រៅប្រទេសនោះទេ ប៉ុន្តែម៉ាកទាំងនេះ នឹងក្លាយជាអត្តសញ្ញាណរបស់កម្ពុជា អាចទាក់ទាញទេសចរណ៍មកធ្វើទស្សនកិច្ចក្នុងតំបន់ផលិតកម្ម នៃព្រះរាជាណាចក្រកម្ពុជា ដែលអាចបង្កើនប្រភពចំណូលដើម្បីលើកកម្ពស់ប្រជាពលរដ្ឋបន្ថែមទៀតផងដែរ។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឲ្យដឹងផងដែរថា នៅក្នុងជំនួបនាព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញពីការកត់សម្គាល់ទៅលើបញ្ហាមួយចំនួនពាក់ព័ន្ធការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់ និងលើពិភពលោក។ សម្តេចតេជោ បានគូសរំលេចថា ក្នុងពេលមានវិបត្តិជំងឺកូវីដ១៩ ពាណិជ្ជកម្មរវាងប្រទេសនៅក្នុងតំបន់អាស៊ាន មានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលជាការបង្ហាញឲ្យឃើញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អាស៊ាន (AFTA) ចាប់ផ្ដើមមានដំណើរការសកម្ម។ ជាឧទាហរណ៍ពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម, កម្ពុជា-ថៃ និងកម្ពុជា-ឡាវ មានការកើនឡើងគួរឲ្យកត់សម្គាល់។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហាញការកត់ដែរថា ការដាក់ទណ្ឌកម្មហួសហេតុពេកលើប្រទេសរុស្ស៊ី ក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន បាននាំទៅដល់វិបត្តិសេដ្ឋកិច្ច ដែលមិនត្រឹមតែនៅអឺរ៉ុបទេ ប៉ុន្តែបានរីករាលដាលដល់ប្រទេសដទៃទៀត នៅក្រៅទ្វីបអឺរ៉ុប ក្នុងនោះរួមមានកម្ពុជាផងដែរ។

លោក Daren Tang បានជម្រាបជូនសម្ដេចតេជោថា លោកបានមកកម្ពុជាជាច្រើនដងហើយ ហើយរាល់ពេលលោក បានមកដល់កម្ពុជា គឺឃើញកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

លោក បានជម្រាបសម្តេចតេជោដែរថា អង្គការកម្មសិទ្ធិបញ្ញាពិភពលោក កាលពីដើមឡើយ គឺជាអង្គការបច្ចេកទេស ប៉ុន្តែនាពេលនេះ កំពុងប្រែក្លាយខ្លួនទៅជាអង្គការអភិវឌ្ឍន៍ គាំទ្រគម្រោងការអភិវឌ្ឍរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជានៅពេលនេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងដើម្បីស្វែងយល់ ក៏ដូចជាស្វែងរក វិធីជួយគាំទ្រដល់កម្ពុជាផងដែរ៕