(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចនូវគុណបំណាច់ជាច្រើនរបស់លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ចំពោះកម្ពុជា និងបណ្តាប្រទេសនៅក្នុងតំបន់ ជាពិសេសការជំរុញលើកកម្ពស់ទំនាក់ទំនងកម្ពុជា និងជប៉ុន។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក លោក គីតាអូកា ហ្ស៊ីនអ៊ីឈិ (Kataoka Shinichi) អតីតប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (ចៃកា-JICA) នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អាបេ ជាអ្នកមានគុណសម្រាប់កម្ពុជា និងជប៉ុន។

លោក អ៊ាង សុផល្លែត អាបេ បានដកស្រងស្រង់ប្រសាសន៍សម្តេចតេជោ មកបញ្ជាក់ថា «ឯកឧត្តម អាបេ បានបន្សល់ទុកនូវសមិទ្ធផលយ៉ាងច្រើននៅកម្ពុជា ក្នុងនោះរួមទាំងស្ពានគីហ្សូណា ស្ពានអ្នកលឿង ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥។ ក្រៅពីជួយកម្ពុជា តាមរយៈជំនួយរដ្ឋាភិបាល ឯកឧត្តម អាបេ ក៏បានជួយកម្ពុជា តាមរយៈការកសាងសាលារៀនឲ្យកម្ពុជា តាមរយៈសមាគមសភាជប៉ុនផងដែរ»

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកបង្ហាញពីគុណសម្បត្តិរបស់លោក អាបេ ទៀតថា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការងារតំបន់ ក៏ដូចជាការងារមនុស្សធម៌ផងដែរ។ លោក អាបេ តែងតែឆ្លៀតចូលរួមកិច្ចប្រជុំជប៉ុន-មេគង្គ យ៉ាងទៀងទាត់ ទោះមានការមមារញឹកយ៉ាងណាក៏ដោយ។ រាល់ពេលប្រជុំ លោកតែងតែសុំការគាំទ្រលើបញ្ហាការចាប់ជំរិតជនជាតិជប៉ុន ដោយប្រទេសកូរ៉េខាងជើង។

សម្ដេចតេជោ បានលើកឡើងថា ការចាកចេញរបស់លោក អាបេ គឺជាការបាត់បង់មិត្តភក្កិម្នាក់ ដែលធ្លាប់ជួយកម្ពុជាក្នុងគ្រាលំបាក។

ក្នុងជំនួបនេះ លោក គីតាអូកា បានគោរពសម្ដែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនសម្ដេចតេជោ ដែលបានផ្ញើសាររំលែកមរណទុក្ខរបស់លោកអាបេ។

ក្រៅពីនេះ លោក គីតាអូកា បានគូសបញ្ជាក់ថា កម្ពុជា ជាដៃគូយ៉ាងសំខាន់របស់ជប៉ុន ហើយប្រទេសទាំងពីរ មានកិច្ចសហប្រតិបត្តិការច្រើន ឈរលើមូលដ្ឋានការយល់គ្នាទៅវិញទៅមក។

លោក គីតាអូកា បានឆ្លៀតឱកាសនោះ សំដែងនូវការគោរព និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់សម្តេចតេជោ ក្នុងនាមជាប្រធានអាស៊ាន ជាពិសេសចំពោះជ្រោមជ្រែងជួយដោះស្រាយបញ្ហារបស់ប្រទេសមីយ៉ាន់ម៉ា។

សូមបញ្ជាក់ថា លោក អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន បានទទួលមរណភាពដោយខ្មាន់កាំភ្លើងបាញ់ប្រហារពេលធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោតកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានយកថ្ងៃទី១០ ខែកក្កដា កាន់មរណទុក្ខចំពោះមរណភាពរបស់លោក អាបេ ដើម្បីបង្ហាញនូវការគោរពដល់វិញ្ញាណក្ខន្ធរបស់សព។ សម្តេចតេជោ ហ៊ុន សែន ក៏បានដឹកនាំមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធរបស់លោក អាបេ នៅស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាផងដែរ។

នៅចុងខែកញ្ញា នេះ សម្តេចនឹងអញ្ជើញទៅចូលរួមបុណ្យសពរបស់លោកអាបេដោយផ្ទាល់ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន៕