(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បន្តបេសកកម្មថែរក្សាសន្តិភាព និងបន្តឲ្យមាននិរន្តរភាព នៃវឌ្ឍនភាពកម្ពុជា គឺការចូលរួម គាំទ្រយ៉ាងពេញទំហឹង និងជឿទុកចិត្តលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាបិតាសន្តិភាពនៅកម្ពុជា។
ការអំពាវនាវនេះរបស់លោកស្រីសមាជិកព្រឹទ្ធសភា ខណៈលោកស្រី និងលោក គុយ លាងគី រួមទាំងក្រុមគ្រួសារ បានចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៦ ជាមួយពុទ្ធបរិស័ទនៅវត្តកំពង់ស្វាយ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីរួមចំណែកក្នុងការជួយថែរក្សាទំនៀមទម្លាប់ ប្រពៃណី ព្រះពុទ្ធសាសនា ឱ្យកាន់តែរុងរឿងរីកចម្រើនបន្ថែមទៀត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។
លោកស្រី ឃួន ឃុនឌី បានលើកឡើងថា ជារៀងរាល់ឆ្នាំនៅក្នុងរដូវនៃពិធីបុណ្យកាន់បិណ្ឌ ប្រជាពុទ្ធបរិស័ទតែង តែរួមគ្នាធ្វើបុណ្យធ្វើទានតាមទីអារាម ដោយមាននាំយកនូវគ្រឿងសក្ការបូជា មានទៀនធូប ផ្កាភ្ញី បូជាចំពោះព្រះពុទ្ធអង្គ និងព្រះរតនត្រ័យ និងទេយ្យទាន មានគ្រឿងឧបភោគ-បរិភោគជាច្រើនមុខ រួមនិងបច្ច័យយកមកប្រគេន ព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូន ជីតា ញាតិការទាំង៧សន្ដាន ដែលបានចែកឋានទៅកាន់បរិលោកខាងមុខ សូមឱ្យមកទទួលនូវផល្លានិសង្ឃដែលកូនចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃនាបុណ្យកាន់ បិណ្ឌនេះ ឱ្យបានទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ។
លោកស្រីបានបញ្ជាក់ថា បច្ចុប្បន្នយើងបានកសាងប្រទេសពីបាតដៃទទេ ដោយខិតខំស្តារ និងកសាងឡើងវិញជាបណ្តើរៗនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា ផ្លូវថ្នល់ ស្ពាន ទំនប់ ប្រឡាយ សាលារៀន មន្ទីរពេទ្យ និងវត្តអារាម តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នៅដើមឆ្នាំ១៩៩៩ បានអនុវត្តដោយជោគជ័យនូវដំណើរការសមាហរណកម្មអតីតតំបន់ត្រួតត្រាដោយខ្មែរក្រហម ចូលក្នុងសង្គមជាតិ និងធ្វើសន្តិភាវូបនីយកម្ម ប្រទេសជាតិទាំងមូល លើមូលដ្ឋានបង្រួបបង្រួមជាតិដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិនិងឯកភាពទឹកដីទាំងស្រុង។
ក្នុងពិធីកាន់បិណ្ឌវេនទី៦នេះ លោក ឃួន ឃុនឌី និងលោក គុយ លាងគី បាននាំយកថវិកាមួយចំនួន និងសម្ភារប្រគេនដល់ព្រះសង្ឃចែកជូនដល់លោកយាយ លោកតាចំនួន២០០ នាក់នូវក្រមា១ និងថវិកា១ម៉ឺនរៀលផងដែរ៕