(កំពង់ធំ)៖ ខណ្ឌរដ្ឋបាលជលផលកំពង់ធំបានដឹកនាំការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបខេត្តកំពង់ធំ ដែលនេសាទហួសដែនកំណត់ និងប្រើប្រាស់ឧបករណ៍នេសាទជាលក្ខណៈទ្រង់ទ្រាយធំ។
ប្រតិបត្តិការនេះធ្វើឡើងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ដឹកនាំដោយលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ស្រុក។
លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានដឹកនាំក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅឃុំពាមបាង ស្រុកស្ទោង ក្រុមការងារបានដឹកនាំកំលាំងចម្រុះចុះទប់ស្កាត់បង្រ្កាបបទល្មើសជលផលនៅចំណុចព្រែកកំពង់រទេះ ស្ថិតនៅក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
បទបញ្ជាទប់ស្កាត់ បង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅឃុំពាមបាងលទ្ធផលអនុវត្តបាន១ករណី បានចុះរុះរើបំផ្លាញចោលវត្ថុតាងបទល្មើសជលផលនៅនឹងកន្លែងរួមមានរបាំងសាច់អួនក្រឡាញឹកចំនួន៣របាំង ប្រវែង៦០០ម៉ែត្រ លូសាច់អួនក្រឡាញឹកចំនួន៨មាត់ ឡុកសាច់អួនក្រឡាញឹកចំនួន៥គ្រឿង បង្គោលឈើចំនួន៤៥០ដើម ត្រីចាក់លែងចូលបឹងធម្មជាតិទម្ងន់១០គីឡូក្រាម។
គួរបញ្ជាក់ថា សម្រាប់ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃនេះប្រចាំការនៅកន្លែងព្រោះអាកាសធាតុមិនល្អ៕